ប៉ូលីសស្រីចិនដ៏ខ្ពស់ម្នាក់ ដែលមកពីកងកម្លាំងពិសេស បានទទួលការកោតសរសើរជាខ្លាំង ពីមហាជននៅលើអុីនធើរណែត ចំពោះជំនាញក្បាច់ក្លេដ៏អស្ចារ្យរបស់នាង ដោយគ្រាន់តែប្រើដៃទទេប៉ុណ្ណោះ ក្នុងការបង្រ្កាបបុរសប្រដាប់ដោយកាំបិតម្នាក់ ដែលកំពុងឈរគំរាមនៅលើដងផ្លូវ។
នៅក្នុងវីដេអូឃ្លីប បានបង្ហាញកងកម្លាំងពិសេស SWAT របស់ចិនមួយក្រុម បានកំពុងឡោមព័ទ្ធបុរសម្នាក់ ដែលកំពុងឈរកណ្តាលផ្លូវ ជាមួយកាំបិតដ៏ធំនៅក្នុងដៃ។
មួយសន្ទុះក្រោយមក ភ្នាក់ងារពិសេសនារីម្នាក់ដែលមានកម្ពស់ 1.83 m បានព្យាយាមចូលទៅជិតគាត់ពីខាងក្រោយ។ បន្ទាប់ពីផ្តល់សញ្ញាប្រាប់សហការីរបស់នាង ភ្នាក់ងារពិសេសស្ត្រីរូបនេះ បានបង្វិលដៃបុរសនោះយ៉ាងលឿន ហើយគ្រវែងបោកផ្តួលទៅដីតែម្តង។ ស្របពេលជាមួយគ្នានោះ កម្លាំងពិសេសពីរនាក់ផ្សេងទៀតបានប្រញាប់ប្រញាល់ចូលមកជួយចាប់បុរសនោះផងដែរ។
ហេតុការណ៍នេះ ត្រូវបានគេជឿថា បានកើតឡើងនៅក្នុងទីក្រុង Dongguan ខេត្ត Guangdong ប្រទេសចិន ហើយត្រូវបានថតដោយកាមេរ៉ាឃ្លាំមើលនៅក្បែរនោះ។
បន្ទាប់ពីត្រូវបានបង្ហោះ ឃ្លីបនោះបានធ្វើឱ្យមានការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំង ពីមហាជននៅលើបណ្ដាញសង្គម។ អ្នកទស្សនាមានការចាប់អារម្មណ៍ចំពោះការគ្រប់គ្រងដ៏ឆ្លាតវៃ និងក្បាច់គុនដ៏អស្ចារ្យរបស់ភ្នាក់ងារពិសេសនារីរូបនោះ។
ក្នុងនោះ អ្នកលេងបណ្តាញសង្គម បានបញ្ចេញមតិសរសើរថា៖ «ល្អខ្លាំងណាស់! សូមសរសើរនាង ដែលចេះពីវិធីគ្រប់គ្រងបុរស ដែលសូម្បីគ្មានពេលវេលាឆ្លើយតបបាន, ក្បាច់ផ្តួលរបស់នាង ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






