ខេត្តព្រះសីហនុ៖ អភិបាលក្រុង និងអភិបាលខេត្តព្រះសីហនុ បានកំណត់ពេល៣ខែទៀត ដើម្បីឲ្យក្រុមហ៊ុនប្រមូលសំរាម ខេ.អេស.ដាប់បិលយូ.អ៉ឹម (KSWM) ដែលវិនិយោគប្រមូលសំរាមនាពេលបច្ចុប្បន្ន នៅក្នុងក្រុងព្រះសីហនុ ប្រមូលសំរាមឲ្យបានស្អាត និងឲ្យបានទៀងទាត់ឬទាន់ពេល។ ប៉ុន្តែបើក្នុងករណីក្រុមហ៊ុននេះ នៅបន្តប្រមូលសំរាមយឺតយ៉ាវមិនបានទាន់ពេលដូចរាល់ថ្ងៃនេះទៀត រដ្ឋបាលក្រុងនឹងប្រកាសដាក់ដេញថ្លៃរកក្រុមហ៊ុនថ្មីមកជំនួសវិញ។
បញ្ហាសំរាមនេះទាំង ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោក អ៉ីសុខឡេង ជាអភិបាលក្រុង មានប្រសាសន៍ស្រដៀងគ្នាថា ក្រុមហ៊ុនប្រមូលសំរាម ខេ.អេស.ដាប់បិលយូ.អិម (KSWM) ដែលទទួលបានសិទ្ធិប្រមូលសំរាម នៅក្រុងព្រះសីហនុ នឹងមានពេល ៣ខែទៀត ដើម្បីប្រមូលសំរាមឲ្យស្អាតក្នុងមូលដ្ឋាននេះ គឺចាប់គិតពីខែឧសភារហូតដល់ដំណាច់ ខែសីហា ឆ្នាំ២០១៨។
លោកថា បើមិនដូច្នោះទេ រដ្ឋបាលក្រុងព្រះសីហនុ នឹងដាក់ឲ្យដេញថ្លៃប្រកាសរកក្រុមហ៊ុនប្រមូលសំរាមថ្មីទៀត មកជំនួសក្រុមហ៊ុនចាស់។
ឯកឧត្តម យន្ត មីន និងលោក អ៉ីសុខឡេង ឲ្យដឹងដូច្នេះ នាឱកាសដឹកនាំកម្មវិធីបំផុសឲ្យមន្រ្តីរាជការ ប្រជាពលរដ្ឋ វិស័យឯកជន ពិសេសយុវជន ឲ្យចូលរួមសំអាតអនាម័យបរិស្ថាន ជាមួយអាជ្ញាធរឲ្យបានជាប្រចាំ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នាខេត្តព្រះសីហនុ។
ខាងក្រោមនេះជាបទសម្ភាសន៍ របស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ ព្រមទាំងតំណាងក្រុមហ៊ុនប្រមូលសំរាម ខេ.អេស.ដាប់បិលយូ.អ៉ឹម..៕ ដែន សីមា