ពលរដ្ឋល្អ បានជួយចាប់ជនកំហូចម្នាក់ ប្រគល់ឲ្យប៉ូលីស បន្ទាប់ពីនារីម្នាក់បានស្រែកខ្លាំងៗពីក្នុងបន្ទប់ទឹក ខណៈជនរូបនោះបានកំពុងលបមើលនាង។ ហេតុការណ៍នេះបានកើតឡើង នៅសួនច្បារសាធារណៈមួយកន្លែង នៅក្នុងខេត្ត Udon Thani ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
នារីរងគ្រោះដែលមានឈ្មោះ A អាយុ ៣៣ ឆ្នាំ បាននិយាយថា នាងធ្វើការជាអ្នកបើករថយន្តសាលា ហើយបានចតរថយន្តនៅក្នុងសួនច្បារបន្ទាប់ពីដាក់ពីដាក់ក្មេងៗចុះនៅពេលព្រឹក។ នាងមានបំណងចំណាយពេលនៅសួនច្បាររហូតដល់ពេលទៅយកក្មេងៗ។ នាងត្រូវប្រើបន្ទប់ទឹក ហើយពេលនៅខាងក្នុងនាងមានអារម្មណ៍ថា មាននរណាម្នាក់និយាយមកនាង។
នាង A បន្តថា ដោយមានអារម្មណ៍ប្លែក នាងបានឱនក្បាល ហើយភ្ញាក់ផ្អើល ពេលឃើញភ្នែកមនុស្សសម្លឹងមកនាងតាមរន្ធទ្វារផ្នែកខាងក្រោម ហើយនាងក៏បានកត់សម្គាល់ថា ខណៈពេលនោះបុរសនោះកំពុងដោះអាវក្រណាត់ដៃវែងពណ៌បៃតងខ្ចីទៀតផង។ សំណាងហើយ ដែលបានបុរសល្អ២នាក់ដែលនៅក្បែរបន្ទប់ទឹកបានជួយចាប់បុរសកំហូចនោះ នៅពេលពួកគេបានឮនាងស្រែក ហើយក៏រាយការណ៍ប្រាប់ប៉ូលិសតែម្តង។
កញ្ញា A បាននិយាយថា “ខ្ញុំភ័យខ្លាច និងតក់ស្លុត ទោះបីជាគាត់មិនបានធ្វើបាបរូបខ្ញុំក៏ដោយ ប៉ុន្តែវាជាស្ថានភាពគ្រោះថ្នាក់។ ហេតុការណ៍នេះមិនគួរកើតឡើងទេ ព្រោះជាបន្ទប់ទឹកស្រី។ គួរមានវិធានការតឹងរ៉ឹងជាងនេះ ព្រោះស្ត្រីជាច្រើនចូលបន្ទប់ទឹកតែម្នាក់ឯង។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រើបន្ទប់ទឹកដែលយកលុយហើយ»។
ជនសង្ស័យឈ្មោះ Pricha អាយុ ៤៣ ឆ្នាំ បានប្រាប់ប៉ូលីសថា គាត់ជាកម្មករសំណង់ និងកំពុងអត់ការងារធ្វើ។ បុរសរូបនេះ បានអះអាងថា នៅថ្ងៃនោះ រូបគេបានជិះកង់ទៅសួនច្បារដើម្បីរកមិត្តភក្តិប្រុសម្នាក់ ប៉ុន្តែ នៅពេលនោះ មិត្តភក្តិក៏បានចូលបន្ទប់ទឹកស្រ្តី រូបគេក៏បានព្យាយាមស្វែងរកអើតមើលតាមរន្ធទ្វារ ហើយចៃដន្យ ក៏ប៉ះចំកញ្ញា A ស្រែកឡើងតែម្តង។
ទោះជាយ៉ាងណា ប៉ូលីសមិនជឿចំពោះការអះអារដ៏មិនសមទំនងរបស់ Pricha ឡើយ ហើយនៅពេលនេះ ជនរូបនេះកំពុងរង់ចាំការចោទប្រកាន់ទោសផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



