មង្ឃុត ជាផ្លែឈើដែលមនុស្សជាច្រើនចូលចិត្តបំផុត និងត្រូវបានគេស្គាល់ថាជាស្តេចផ្លែឈើផងដែរ។ បើមានអ្នកណាមិនចូលចិត្តញ៉ាំមង្ឃុត ប្រហែលជាមានហេតុផលផ្ទាល់ខ្លួន។ ប៉ុន្តែ តាមរយៈហេតុផលនេះ បានធ្វើឱ្យមនុស្សជាច្រើនស្រឡាំងកាំង ជាពិសេសអ្នកដែលចូលចិត្តផ្លែឈើនេះ ពិតជាសម្តែងការហួសចិត្តខ្លាំងតែម្តង។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ គេហទំព័រ Says បានបង្ហាញថា ថ្មីៗនេះមានអ្នកនិយមលេងអ៊ីនធឺណិតជាជនជាតិចិនជាច្រើននាក់ ពួកគេបានចែករំលែកបទពិសោធន៍នៃការបរិភោគផ្លែមង្ឃុតរបស់ពួកគេ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Xiaohongshu ។ មនុស្សជាច្រើននិយាយថា មង្ឃុត គឺ “ជូរហើយចត់ទៀត” បន្ទាប់ពីព្យាយាមញ៉ាំជាច្រើនលើក។ ពួកគេពិតជាខកចិត្ត ព្រោះទិញក្នុងតម្លៃថ្លៃ ហើយរសជាតិបែរជាអន់បែបនេះ។
អ្នកនិយមលេងអ៊ីនធឺណែតជនជាតិចិនម្នាក់ បាននិយាយត្អូញត្អែរថា “ខ្ញុំសន្សំលុយទិញមង្ឃុតពីរបីគីឡូ ខ្ញុំព្រមានគ្រប់គ្នាកុំឱ្យចាញ់បោកគេដូចខ្ញុំ កុំទិញវាពិបាកញ៉ាំណាស់។
ខ្ញុំពិតជាមិនយល់ថា ហេតុអ្វីបានជាមនុស្សជាច្រើនចូលចិត្តមង្ឃុតម្ល៉េះ។ វាពុំត្រឹមតែជូរទេ គឺចត់ទៀត និងមានជាតិអាស៊ីត ខណៈតម្លៃវិញ គឺថ្លៃណាស់»។
ពិតណាស់ ក្រោយពីបានឃើញរូបភាពទាំងនេះ អ្នកលេងបណ្តាញសង្គមម្នាក់ បានបញ្ចេញមតិទាំងហួសចិត្តថា «បញ្ជាក់ថាវាពិតជាមិនឆ្ងាញ់ ជូរ ចត់ មែនទេ? ពេលឃើញរូបនេះហើយ ខ្ញុំរន្ធត់ចិត្តណាស់! ព្រោះពួកវាខាំមង្ឃុតហើយស៊ីសំបកទាំងមូលដូចជាស៊ីផ្លែប៉ោម….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


