ភ្នំពេញ៖ នៅថ្ងៃទី១៩ខែឧសភានេះ នាយពែកមី បានចេញនូវសារនិងវីដេអូមួយ បានបញ្ជាក់ពីទុក្ខសោកប្អូនជួបគ្រោះថ្នាក់ ដោយគេប៉ងធ្វើឃាត ដោយនាយ បានបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នេះ ឃាតករជិះឡានដេញបុកប្អូនប្រុសរបស់ខ្ញុំ បណ្តាលរងរបួសជាទម្ងន់ សូមបងប្អូនជួយស៊ែរវីដេអូនេះ ឲ្យឃាតករ បានឃើញផង យើងខ្ញុំបានដាក់ពាកក្យបណ្តឹងហើយ មកដល់ថ្ងៃនេះ សមត្ថកិច្ចខណ្ឌឫស្សីកែវ មិនទាន់ហៅឃាតករ មកដោះស្រាយបានទេ។
នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ប្អូនប្រុសរបស់នាយ ពែកមី ត្រូវជនមិនស្គាល់អត្តសញ្ញាណបើកឡានដេញបុក បណ្តាលឲ្យប្អូនប្រុសរបស់ខ្លួនមានការភ័យខ្លាច រហូតជិះម៉ូតូទៅបុកនឹងរបងផ្ទះ របស់ប្រជាពលរដ្ឋក្បែរនោះ រហូតដល់របួសក្បាលធ្ងន់ធ្ងរ។ រយៈពេលជិត១០ថ្ងៃហើយ ដែលប្អូនប្រុស ពែក មី សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែរបួសនៅតែធ្ងន់ធ្ងរ រហូតដល់ថ្នាក់ក្អួតចេញឈាម។
ដោយក្តីអស់សង្ឃឹមនឹងការព្យាបាលរបស់មន្ទីរពេទ្យក្នុងស្រុក ក្រុមគ្រួសារ ក៏សម្រេចបញ្ជូនប្អូនប្រុសរបស់ពែកមី ទៅសង្គ្រោះនៅវៀតណាម នៅថ្ងៃទី១៩ឧសភានេះ វេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់។ គួរបញ្ជាក់ផងដែរថា ពែកមី បានដាក់បណ្តឹងទៅសមត្ថកិច្ចក្នុងខណ្ឌឫស្សីកែវ តាំងពីថ្ងៃកើតហេតុ ប៉ុន្តែរយៈពេលជិត ១០ថ្ងៃហើយនៅមិនទាន់ស្វែងរកជនបង្ក និងស្វែងរកយុត្តិធម៌បាននៅឡើយទេ។
ឆ្លើយតបនឹងសារនិងវីដេអូរបស់នាយពែកមី នៅថ្ងៃទី១៩ឧសភានេះ អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ បានបំភ្លឺថា “ជំរាបជូនលោកពែកមី ក៏ដូចសាធារណជន មេត្តាជូនជ្រាប។ ចំពោះករណីដែលបានកើតឡើង កាលពីថ្ងៃទី១០ ខែឧសភា សមត្ថកិច្ចខណ្ឌឫស្សីកែវ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាល បានកំពុងខិតខំ ជំរុញលើវិធានការជំនាញទាំងនីតិវិធី នឹងប្រតិបត្តិការ តាមប្រសាសន៍ដឹកនាំ និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណជន មេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ចយើងខ្ញុំ”។
ក្នុងនោះមហាជនមួយចំនួនបានសន្និដ្ឋានជំហ៊ានដំបូងថា នេះជាការសំដែង ឬថតកុនប៉ុណ្ណោះ ប៉ុន្តែនាយពែកមី បានបញ្ជាក់ថា “នេះខ្ញុំផុសផ្ទាល់បងប្អូន មិនលេងសើចទេ”។ ទោះជាយ៉ាងណាក្តី នាយពែកមី បានបញ្ជាក់ប្រាប់ថា មកដល់ពេលនេះសមត្ថកិច្ច ខណ្ឌឫស្សីកែវ មិនទាន់ហៅឃាតករមកដោះស្រាយបានទេ ដោយលោកសង្ឃឹមថា ទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ចំពោះរឿងនេះ។
ក្នុងរបាយការណ៍របស់នគរបាលខណ្ឌឫស្សីកែវ ក៏បានបង្ហាញមុខសញ្ញាបើកឡានបុកជាមន្ត្រីប៉ូលិស ស្លាកលេខរថយន្តធុនដ្រារបស់ជនល្មើសទៀតផង។ ក្នុងរបាយការណ៍ប៉ូលិសបានបញ្ជាក់ថា នៅវេលាម៉ោង៩ និង៤២នាទីយប់ថ្ងៃទី១០ ឧសភា ឆ្នាំ២០១៨ នៅចំណុចបុរីពិភពថ្មី ផ្លូវលេខ១១ ក្រុម៤ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ មានករណីបុរសម្នាក់បើករថយន្តម៉ាកធុនដ្រា បំបុកជនរងគ្រោះម្នាក់ (ប្អូនលោកពែកមី) បណ្តាលឱ្យរបួសធ្ងន់ ដោយនគរបាលបានចោទប្រកាន់ជនល្មើស គឺជាករណីហឹង្សាមានស្ថានទម្ងន់ទោស បើករថយន្តដេញបុកជនរងគ្រោះ។
របាយការណ៍ដដែលបានបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាល បង្រ្កាបមិនបាន ដោយជនល្មើសជិះរថយន្តគេចខ្លួនបាត់ ប៉ុន្តែតាមការស្រាវជ្រាវ សមត្ថកិច្ចនគរបាល បានកំណត់មុខសញ្ញាជនល្មើស ឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅ គី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ សាលីម ហ្វារីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។
របាយការណ៍បន្តទៀតថា ដំបូងជនរងគ្រោះបានបើកម៉ូតូម៉ាកស្មាស់ ចូលទៅផ្ទះតាមផ្លូវបុរីពិភពថ្មីអាងទឹក ភ្លាមៗនោះ ស្រាប់តែអ្នកបើកបររថយន្តម៉ាកធុនដ្រា ពណ៌ស ស្លាកលេខភ្នំពេញ 2AP-0198 បានបើកយ៉ាងលឿន ដេញពីក្រោយម៉ូតូស្មាស់ បណ្តាលឲ្យអ្នកបើកម៉ូតូស្មាស់ ទៅបុកនឹងរបងទ្វាផ្ទះប្រជាពលរដ្ឋ ដួលតែម្តងបណ្តាលឱ្យរបួសធ្ងន់ ហើយរថយន្តធុនដ្រា ក៏បានបើកបត់ស្តាំគេចខ្លួនបាត់តែម្តង។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលខណ្ឌនិងប៉ុស្តិ៍ ចុះស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ ដើម្បី កសាងសំណុំរឿងទៅតុលាការរាជធានី ដើម្បីអនុវត្តតាមនីតិវិធី។
នៅក្នុងរបាយការណ៍ កាលពីថ្ងៃទី១៤ ខែឧសភា លោកអនុសេនីយ៍ហាក់ ប៊ុនថន នាយប៉ុស្តិ៍ស្តីទី នគរបាលរដ្ឋបាលច្រាំងចំរេះ២ បានបញ្ជាក់ថា យោងតាមកំណត់ហេតុស្តាប់ការបំភ្លឺរបស់ឈ្មោះ ឌីមេសាណាន់ និងឈ្មោះ ផាត់ ចាន់រ័ត្ន សន្និដ្ឋានថា ឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានទីលំនៅស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ពិតជាតិបានប្រព្រឹត្តហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បើករថយន្តដេញបុកបណ្តាលឲ្យជនរងគ្រោះ បុកជញ្ជាំងរបងទ្វារផ្ទះរងរបួសធ្ងន់) ពិតប្រាកដមែន៕ដោយ៖បញ្ញាស័ក្តិ