មនុស្សមួយចំនួនក្នុងទីក្រុងបាងកក ប្រទេសថៃ ពិតមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញបុរសចំណាស់ម្នាក់ដែលគ្រប់គ្នាគិតថាជាសាកសពកំពុងអណ្តែតក្នុងប្រឡាយទឹកកខ្វក់ តែបែរជាមិនមែនទៅវិញ ហើយអ្វីដែលអស់សំណើចខ្លាំងនោះ គឺថាបុរសចំណាស់រូបនោះ គាត់កំពុងតែអង្គុយសមាធិសោះ បែរជាមករំខាន។
ដំបូងឡើយ កាលពីថ្ងៃទី២០ ខែមិថុនា មនុស្សដែលដើរតាមប្រឡាយទឹកក្នុងទីក្រុងបាងកក បានឃើញក្បាលមនុស្សចេញពីក្នុងទឹក ជាមួយសំរាមព័ទ្ធជុំវិញ ក៏នាំគ្នាសន្មត់ថា សពកំពុងអណ្តែតទឹក ព្រោះស្រែកដាក់ក៏មិនឆ្លើយតប និងសូម្បីមិនកំរើក។ បន្ទាប់មក ពួកគេក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ។
ប៉ុន្តែ ដែលអ្វីដែលភ្ញាក់ផ្អើល ស្ទើរលោះព្រលឹងនោះ គឺនៅពេលយុវជនក្លាហានម្នាក់ ចុះទៅក្នុងទឹកកខ្វក់ភក់នៅខាងក្រោម ហើយពេលប៉ះរាងកាយ ស្រាប់តែមនុស្សនៅមានជីវិត…។
អ្នកជួយសង្គ្រោះឈ្មោះ Sommatr Promvog បានប្រាប់អ្នកយកព័ត៌មានក្នុងតំបន់ថា «យើងគិតថាគាត់ស្លាប់ហើយ! គ្រប់គ្នាស្រែកឡើង ប៉ុន្តែគាត់មិនបានផ្លាស់ទីទេ។ ប៉ុន្តែ នៅពេលព្យាយាមទាញគាត់ចេញពីទឹក គាត់ស្រាប់តែនិយាយ។ គាត់ថាគាត់គ្រាន់តែធ្វើសមាធិប៉ុណ្ណោះ»។
បន្ទាប់ពីជួយបុរសចម្លែករូបនោះ ចេញពីប្រឡាយរួច រថយន្តសង្គ្រោះក៏បានមកដឹកគាត់ទៅពិនិត្យសុខភាព ហើយបុគ្គលិកបានបញ្ជាក់ថា គាត់មានសភាពស្ងប់ស្ងាត់ និងមានសុខភាពល្អ ហើយក៏បានបញ្ជូនមកផ្ទះវិញ ដោយមានការណែនាំឲ្យគាត់ទៅកន្លែងល្អប្រសើរជាងនេះ ដើម្បីតាំងសមាធិ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




