ភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន៣គោលដៅ ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ និងដកហូតវត្ថុតាងគ្រឿងញៀនជិត៤គីឡូក្រាម។
លោកឧត្តមសេនីយ៍ត្រី ហ៊ម គន្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) បានដឹកនាំបញ្ជាផ្ទាល់ បានឱ្យដឹងថាៈ គោលដៅទី១៖នៅវេលាម៉ោង២៣និង១០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្សារតាប៉ាង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញ(ក៦)របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ តាមវិធានញុះញង់បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តេង ស៊ីថេន ភេទប្រុស អាយុ ៣៨ឆ្នាំ ដោយចាប់យកវត្ថុតាង នូវសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ice) ទម្ងន់ ៩៩,៨០ ក្រាម។ គោលដៅទី២ នៅវេលាម៉ោង២និង៣០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច នៅចំណុច ផ្ទះជួលជាន់ទី២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញកម្លាំងជំនាញ បានឃាត់ខ្លួនម្នាក់ទៀត ឈ្មោះ រ៉ុង ឌីណា ភេទស្រី អាយុ២៩ឆ្នាំ ចាប់យកវត្ថុតាង នូវសារធាតុ អិចស្តាស៊ី MDMA ទម្ងន់ ៧៨០,៩ក្រាម សារធាតុមេតំហ្វេតាមីន (ice) ទម្ងន់ ២៣៣៤,៩៨ ក្រាម សារធាតុ កេតាមីន (K) ទម្ងន់ ៣៩៣,៧២ក្រាម។ និងនៅគោលដៅទី៣ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច នៅចំណុច ផ្លូវឌឿងហែម ផ្ទះ១៥៨C ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ រីខាន ភេទប្រុស អាយុ២៤ឆ្នាំ ចាប់យកវត្ថុតាង៖សារធាតុមេតំហ្វេតាមីន (ice) ទម្ងន់ ១៣,៣៦ ក្រាម។ លោកបានបញ្ជាក់ថា សរុបទាំង ៣គោលដៅ ឃាត់ជនសង្ស័យ៣នាក់ ចាប់យកវត្ថុតាងសរុប មេតំហ្វេតាមីន ទម្ងន់ ២៤៤៨,១៤ក្រាម អិចស្តាស៊ី ទម្ងន់ ៧៨០,៩ ក្រាម កេតាមីន ទម្ងន់ ៣៩៣,៧២ក្រាម សរុបគ្រឿងញៀនទាំង ៣ប្រភេទ ទម្ងន់ ៣៦២២,៧៦ ក្រាម ៕ដោយ៖បញ្ញាស័ក្តិ