Kenji Kanasugi ប្រធាននាយកដ្ឋាននៃបណ្តាបញ្ហាទ្វីបអាស៊ី និង ទ្វីប Oceania ចំណុះក្រសួងការបរទេសជប៉ុន និងដឹកនាំក្រុមការងាររបស់ប្រទេសនេះទៅកាន់សិង្ហបុរីនៅខណៈពេលប្រព្រឹត្តទៅសន្និសីទកំពូលរវាងមេដឹកនាំអាមេរិក-កូរ៉េខាងជើង នៅថ្ងៃទី ១២ ខែមិថុនា ខាងមុខ ។
ប្រធានាធិបតីដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងជើងគីម ជុងអ៊ុន
ក្រុងតូក្យូ កំពុងចង់ឆ្លៀតឱកាសនៃបរិយាកាសសម្របសម្រួល នៅឧបទ្វីបកូរ៉េដើម្បីដោះស្រាយបញ្ហាពលរដ្ឋជប៉ុនត្រូវបានកូរ៉េខាងជើងចាប់ជម្រិតនៅអំឡុងឆ្នាំ ១៩៧០ និង ១៩៨០ ។ ប្រការនេះឯងដែលធ្វើឲ្យប្រទេសទាំំងពីរមិនអាចកសាងទំនាក់ទំនងការទូតបាន។
ទោះបីសប្តាហ៍នេះ កូរ៉េហាក់ដូចជាមានបំណងរារែកចិត្តមិនចង់ចូលរួមជំនួបកំពូលក្តី ប៉ុន្តែជប៉ុនជឿថា សន្និសីទកំពូលនេះនឹងប្រព្រឹត្តទៅ ។
Kyodo បានដកស្រង់ប្រភពព័ត៌មានមួយពីរដ្ឋាភិបាលជប៉ុន ដែលមិនបញ្ចេញឈ្មោះនិយាយថា ៖ នេះគឺជាជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីអាមេរិក ។ ខ្ញុំមិនជឿថា លោកគីម ងាយបោះបង់ចោលឱកាសធំមួយបែបនេះឡើយ ។
លោក Kanasugi នឹងទៅកាន់សិង្ហបុរីពីថ្ងៃទី ១១-១៣ ខែមិថុនា ហើយតាមគម្រោងនឹងមានទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាមន្ត្រីអាមេរិកនៅមុនការប្រព្រឹត្តទៅនៃសន្និសីទកំពូល ហើយក៏នឹងបានទទួលបានរបាយការណ៍អំពីស្ថានការណ៍អំពីពួកគេ ។
ក៏នៅមានពាក្យចរចាមអារាមថា នាយករដ្ឋមន្ត្រីជប៉ុន ឬប្រមុខការទូតប្រទេសនេះអាចទៅកាន់សិង្ហបុរី ដើម្បីស្តាប់ព័ត៌មានដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ៕ សូយន