ពិតណាស់ ទឹកចិត្តឪពុកម្តាយគ្រប់រូប គឺតែងតែចង់ឲ្យកូនៗដើរលើផ្លូវដែលល្អ មានសុជីវធម៌ល្អ ខិតខំប្រឹងរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្រេបយកចំណេះដឹង ដែលជាស្ពានចំលងឲ្យមានអនាគតល្អរុងរឿង ដោយមិនចង់ឃើញកូនៗដូចជារូបលោក ប្រើកំលាំងដើម្បីដូរយកប្រាក់នោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ សម្រាប់យុវជនប្រុសស្រីមួយចំនួន បែរជាមិនគិតដល់អារម្មណ៍របស់ឪពុកម្តាយនោះទេ ដោយដើរភ្លើតភ្លើនតាមៗគ្នាភ្លេចអស់ការសិក្សា រហូតឈានទៅប្រព្រឹត្តនូវទង្វើឧបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។
ដោយឡែក កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ រូបភាពជាច្រើនសន្លឹកកំពុងត្រូវបានចែករំលែកតៗគ្នា បង្ហាញអ្នកម្តាយយំឱបកូន នៅក្នុងថ្នាក់រៀន ហើយកូនៗក៏បានលុតជង្គង់សុំខមាលទោសទៅកាន់អ្នកមានគុណ ចំពោះកំហុសឆ្គងទាំងឡាយ ដែលពួកគេបានធ្វើចំពោះអ្នកមានគុណ បានធ្វើឲ្យមហាជន និងក៏ដូចអ្នកម្តាយលោកឪពុកជាច្រើន រំជួលចិត្តស្ទើរស្រក់ទឹកភ្នែកតាម ពេលបានឃើញទឹកភ្នែកអ្នកម្តាយយំឱបកូនបែបនេះ។
នេះបើតាមលោកគ្រូម្នាក់ ដែលគណនីហ្វេសប៊ុកមានឈ្មោះថា អនុវិទ្យាល័យ បឹងបេង បានបង្ហោះរូបភាពបង្គប់ទៅដោយអត្ថន័យរយលាន និងភ្ជាប់សាររៀបរាប់គួរឲ្យរំជួលចិត្តថា៖ «ទឹកភ្នែកម្តាយស្រក់ព្រោះអ្នកណា? អោយកូនសុំខមាទោសលោកអ្នកមានគុណទាំង២ កូនដឹងខុសហើយ កូននឹងកែខ្លួនឡើងវិញ ខិតខំរៀនសូត្រ និងមករៀនឲ្យបានទៀងទាត់ កូនមិនធ្វើឲ្យម៉ែ ពុក អស់សង្ឃឹមឡើយ»។
ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានបង្ហោះសារបន្ថែមទៀតថា «កំហុសមិនមែនជាឬសគល់ នៃភាពបរាជ័យទេ។ តែបើដឹងខុសហើយចេះកែកំហុស នោះទើបជាបុគ្គលប្រពៃអស្ចារ្យ។ លោកគ្រូ-អ្នកគ្រូសូមជូនពរប្អូនៗ ជោគជ័យក្នុងការសិក្សា និងជីវិតទៅថ្ងៃមុខ»។
សូមបញ្ជាក់ថា រូបភាពនេះបានកើតឡើង គឺនៅក្នុងថ្ងៃសាលាអនុវិទ្យាល័យ បឹងបេង ក្នុងស្រុកម៉ាឡៃ បានអញ្ជើញឪពុកម្តាយដែលជាអាណាបាលសិស្ស មកជួបសំណេះសំណាល និងពិសេសជំនួបរវាងឪពុកម្តាយ និងកូនៗតែម្តង ទាក់ទងរឿងអវត្តមាន និងមករៀនយឺត។ នៅពេលរកឃើញថា កូនៗខ្លះគេចសាលា ទៅប្រព្រឹត្តទង្វើមិនល្អផ្សេងៗ បានធ្វើឲ្យម្តាយស្រក់ទឹកភ្នែករកថ្លែងមិនត្រូវ។ ខណៈពេលនោះ គ្រូៗក៏បានឲ្យពួកគេសុំខមាលទោសអ្នកមានគុណ ហើយកូនដែលបានដឹងខ្លួនខុស បានយំឱបម្តាយគួរឲ្យរំជួលចិត្ត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











