ក្រចេះ ៖ ប្រធានគណៈចលនាសាសនិកអ៊ីស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ បាននៅតែអះអាងថា សណ្តានចិត្តនៃការបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ ដែលផ្តើមចេញពីទឹកចិត្តស្នេហាជាតិ និង និងការលះបង់គ្រប់បែបយ៉ាងជូនសហគមន៍ ចំណែកតំណាងរាស្ត្រគណបក្សប្រឆាំង និងគណបក្សនានា នាអាណត្តិកន្លងផុតទៅ គឺមិនទាន់បាននាំអ្វីជាប្រយោជន៍ ការចូលរួមកសាងសង្គមនូវឡើយទេ។
លោកសាន់ ឡាទីន ប្រធានគណៈចលនាសាសនិកអ៊ីស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ បានថ្លែងបែបនេះ ក្នុងពេលនាំយកអំណោយសប្បុរសធម៌ជាកញ្ចប់សម្ភារៈ គ្រឿងឧបភោគ បរិភោគ របស់សម្ព័នយុវជនមុស្លីមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋជនចាស់ជរា ក្រីក្រខ្មែរអ៊ីស្លាម ចំនួន២៣០គ្រួសារ សម្រាប់ខែបួសរ៉ាម៉ាឌន មកពីភូមិ104-109-117ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះសរុបជាថវិកា ៧៩០០ដុល្លារ កាលពីថ្ងៃអាទិត្យ ទី២០ ឧសភា ឆ្នាំ២០១៨។
លោកសាន់ ឡាទីន បានកោតសរសើរដល់សម្ព័នយុវជនមុស្លីមកម្ពុជា(ស.យ.ម.ក) ដែលជានិច្ចកាល តែងតែបានចូលរួមយ៉ាងសកម្មជាមួយកិច្ចការមនុស្សធម៌ ដើម្បីដោះស្រាយតម្រូវការផ្សេងៗ របស់គ្រួសារដែលមានការខ្វះខាត ក៏ដូចជាការ ចូលរួមកសាងនូវសមិទ្ធផលនានានៅតាមសហគមន៍ផងដែរ ។
លោកបន្តថា៖ “នេះគឺជាសណ្តានចិត្តនៃការបរិច្ចាគ ដែលផ្តើមចេញពីទឹកចិត្តស្នេហាជាតិ និង និងការលះបង់គ្រប់ បែបយ៉ាងជូនសហគមន៍ពីសំណាក់ថ្នាក់ដឹកនាំ សកម្មជនគណបក្សប្រជាជនកម្ពុជា បើប្រៀបធៀបនឹងតំណាងរាស្ត្រគណបក្សប្រឆាំង នាអាណត្តិកន្លងផុតទៅ ក៏ដូចជាបេក្ខជនតំណាងរាស្ត្រ សម្រាប់អាណត្តិថ្មី របស់គណបក្សនានា គឺមិនទាន់បាននាំអ្វីជាប្រយោជន៍ ការចូលរួមកសាងសង្គមជាផ្លែផ្កាឲ្យដូចជា គណបក្សប្រជាជននូវឡើយទេ”។
លោក សាន់ ឡាទីន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ត្រូវត្រៀមខ្លួនទៅចូលរួម បោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលនិងប្រព្រឹត្ដទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីសម្រេចជ្រើសរើសមេដឹកនាំ ជ្រើសរើសតំណាងរាស្ត្រដែលខ្លួនពេញចិត្ត ដែលជាអ្នកផ្តល់ជោគវាសនាល្អដល់ខ្លួន៕ ដោយ៖បញ្ញាស័ក្តិ