បើទោះជាកើតមកមានរូបរាងតូចល្អិតបែបនេះក្តី តែនារីម្នាក់នេះនៅតែចាត់ទុកខ្លួនឯងថា មានសំណាងជាងមនុស្សជាច្រើន ព្រោះថា ពេលនេះនាងមានជីវិតដ៏សុខសាន្តជាមួយប្តី និងកូនប្រុសម្នាក់។
Ksor H Nuai ដែលឈ្មោះទូទៅគេហៅថា Nu កើតក្នុងឆ្នាំ ១៩៩៣ មកពីក្រុមជនជាតិភាគតិចចារ៉ាយ ស្រុក Iapa ខេត្ត Gia Lai មានរូបរាងតូចល្អិត កម្ពស់ត្រឹម 1.26m បើទោះជាបច្ចុប្បន្ន នាងមានអាយុ ២៩ ឆ្នាំ។
នាងបានប្រាប់ថា ក្នុងគ្រួសាររបស់នាងមានបងប្អូនចំនួន៧នាក់ ប៉ុន្តែមានតែនាង និងបងប្រុសម្នាក់ដែលមានមាឌល្អិត។ ក្រៅពីនេះ មានកម្ពស់ធម្មតា ជាពិសេសកូនពៅដែលកើតក្នុងឆ្នាំ២០២២ គឺខ្ពស់ជាងគេក្នុងគ្រួសារ 1.78 m។
នៅថ្នាក់បឋមសិក្សា Nu តែងត្រូវបានមិត្តភក្តិរបស់នាងចំអកលេងសើចជាញឹកញាប់ដោយសាររាងកាយរបស់នាង។ នៅពេលរៀននៅវិទ្យាល័យ ម្តាយរបស់នាងបាននាំនាងទៅជួបគ្រូពេទ្យ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានកង្វះអ័រម៉ូនលូតលាស់ និងមិនមានជំងឺអ្វីផ្សេងទៀតឡើយ។
គ្រួសារស្ថិតក្នុងស្ថានភាពលំបាក ឪពុករបស់នាងបានស្លាប់មុន ពេលនាងរៀនចប់វិទ្យាល័យ នាងស្នាក់នៅផ្ទះដើម្បីធ្វើការជាមួយម្តាយ។ នៅឆ្នាំ ២០១៧ ម្តាយរបស់នាង ក៏បានលាចាកលោកទៀត ជាហេតុធ្វើឲ្យនាងត្រូវទៅជួយលក់គេនៅហាង ដើម្បីបានលុយចិញ្ចឹមជីវិត។
និយាយពីឱកាសបានស្គាល់ប្តីលោក Cao Ba Thanh (កើតឆ្នាំ 1994 កម្ពស់ 1.63m ទម្ងន់ 72kg កើតនៅស្រុក Tien Du ខេត្ត Bac Ninh) Nu បានរំលឹកថា “ខ្ញុំបានជួបគាត់កាលពីអំឡុងឆ្នាំ ២០១៥ តាមរយៈ Facebook ។ ប៉ុន្តែ ពេលនោះពួកយើងរាប់អានគ្នាត្រឹមជាមិត្តប៉ុណ្ណោះ ព្រោះ គាត់មានសង្សារ។ បន្ទាប់ឈប់ទាក់ទងមួយរយៈ នៅចុងឆ្នាំ ២០១៦ គាត់បានផ្ញើសារមកខ្ញុំដោយបានប្រាប់ថា គាត់បានពីការបែកពីមិត្តស្រីហើយ។
Nu បន្តថា “បន្ទាប់ពីបានជជែកគ្នាមួយរយៈ Thanh ក៏បានស្នើសុំខ្ញុំរៀបការតែម្តង។ តែទោះជាយ៉ាងណា ខ្ញុំមិនជឿសោះឡើយ ព្រោះរវាងពួកយើងទាំងពីរ គឺរស់នៅឆ្ងាយពីគ្នារាប់ពាន់គីឡូម៉ែត្រ តើអាចមកនៅជាមួយគ្នាបានដោយរបៀបណា?។ ម្យ៉ាងវិញទៀត ស្ថានភាពរបស់ខ្ញុំគឺបែបហ្នឹង ខ្លាចរៀបការថ្ងៃក្រោយមិនដឹងថាអាចមានកូនឬអត់។ តែទោះជាយ៉ាងណា ខ្ញុំបានទទួលចម្លើយពី Thanh ថា “បើខ្ញុំអត់មានកូនទេ ពួកយើងនឹងសុំកូនគេចិញ្ចឹមទៅ សំខាន់ឲ្យតែប្តីប្រពន្ធស្រលាញ់គ្នា ហើយគាត់នឹងការពារខ្ញុំ។ ដូច្នេះ ខ្ញុំងក់ក្បាលយល់ព្រម”។
Nu បានរៀបរាប់បន្តថា “នៅឆ្នាំ២០១៨ ពួកយើងបានបែកគ្នា ព្រោះនៅឆ្ងាយ។ ប៉ុន្តែ នៅឆ្នាំ ២០១៩ បានជួបជុំគ្នាវិញ ដោយ Thanh បានជិះឡានឈ្នួលមកជួប និងយកខ្ញុំទៅកាន់ Bac Ninh។ អង្គុយក្នុងឡាន ខ្ញុំបានពិចារណាជម្រើស២ បើខ្ញុំជួបគាត់ហើយគាត់រិះគន់ខ្ញុំថាតូច ខ្ញុំនឹងជិះឡានមកវិញ ហើយបើមិនអុីចឹងទេ យើងនឹងផ្តល់ឱកាសឲ្យគ្នាទៅវិញទៅមកដើម្បីដឹងថាគាត់ស្មោះនឹងខ្ញុំឬអត់។ សំណាងហើយ អ្នកមិនប្រកាន់ និងលើកទឹកចិត្តខ្ញុំ”។
បន្ទាប់ពីការជួបគ្នា នោះ Nu មានអារម្មណ៍ថា Thanh ជាមនុស្សប្រុសម្នាក់ដែលស្មោះត្រង់ ហើយនាងក៏បានសម្រេចចិត្តស្នាក់នៅ Bac Ninh។ នាងបានដាក់ពាក្យធ្វើការផ្នែកកាត់ដេរនៅក្រុង Lim ។ នៅថ្ងៃដំបូងរបស់នាងជាមួយគ្រួសារ Thanh នាង Nu មិនបានទទួលការគាំទ្រពីឪពុកម្តាយរបស់ Thanh ទេ។ គ្រួសាររបស់ Thanh ព្រួយបារម្ភថា Nu តូចបែបនេះនឹងពិបាកមានកូន។
ដោយសារគិតថា គ្រួសារគេហាក់មិនពេញចិត្ត Nu ក៏បាននិយាយលា Thanh ជាច្រើនដង ប៉ុន្តែគាត់មិនយល់ព្រមឲ្យនាងចាកចេញនោះទេ។ Thanh បានលួងលោមនិងលើកទឹកចិត្ត Nu ហើយព្យាយាមអស់ពីសមត្ថភាពដើម្បីសង្ឃឹមថាឪពុកម្តាយអាចឃើញពីអារម្មណ៍ពិតរបស់ពួកគេ។
នៅឆ្នាំ ២០១៩ Nu និង Thanh បានក្លាយជាប្តីប្រពន្ធជាផ្លូវការ។ ក្រុមគ្រួសាររបស់ Thanh ក៏បានទទួលយករឿងស្នេហារបស់កូនជាបណ្តើរៗដែរ។ បច្ចុប្បន្ន Nu និងស្វាមី មានកូនប្រុសអាយុ២ឆ្នាំម្នាក់ ។ កូនប្រុសរបស់ពួកគេមានសុខភាពល្អ ចេះស្តាប់បង្គាប់ និងលូតលាត់ធម្មតា។ ឆ្លងកាត់ការលំបាកជាច្រើនក្នុងការរស់នៅជាមួយគ្នា Nu និងស្វាមី ពេលនេះមានជីវិតរស់នៅដ៏មានសុភមង្គល ព្រោះ Thanh ជាប្តីម្នាក់ចេះស្រលាញ់ និងយកចិត្តទុកដាក់ទៅលើប្រពន្ធកូនខ្លាំងណាស់។
នាពេលខាងមុខ Nu គ្រោងនឹងបញ្ជូនកូនទៅរៀននៅមតេយ្យ ហើយនាងនឹងដាក់ពាក្យធ្វើការកាត់ដេរម្តងទៀត។ Nu ក៏កំពុងបង្កើតឆានែល YouTube និង Tiktok ដើម្បីចែករំលែកជាមួយមនុស្សគ្រប់គ្នា អំពីជីវិតប្រចាំថ្ងៃរបស់នាងផងដែរ។
នៅពេលសួរថា អ្នកពេញចិត្តនឹងជីវិតបច្ចុប្បន្ននេះទេ? Nu ឆ្លើយទាំងញញឹមទន់ភ្លន់ថា៖ ពេញចិត្ត ឥឡូវនេះ កូនប្រុសរបស់ខ្ញុំមានសុខភាពល្អ ធំធាត់ជាធម្មតាដូចកូនក្មេងដទៃទៀត ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅតែមានសំណាងជាងមនុស្សកើតមកមានសុខភាពល្អ។ ជីវិតគ្រួសារខ្ញុំ ប្រហែលមិនល្អដូចអ្នកដទៃទេ ប៉ុន្តែ ឲ្យតែគ្រួសាររស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល នោះវាល្អប្រពៃណាស់ហើយ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




