Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្ដ​សៀមរាប ចេញ​ដីកា​បង្គាប់​ឲ្យ​ដាក់ពន្ធនាគារ បុរស​ម្នាក់ ចែកចាយ​បន្ដ​សារ​ប្រមាថ​ព្រះមហាក្សត្រ​

​សៀមរាប​៖ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ លោក​ងួន ណា​រា​ប្រធាន​សាលាដំបូង និង​ជា​ចៅក្រម​ស៊ើបសួរ​ខេត្តសៀមរាប ចេញ​ដីកា​បង្គាប់​ឲ្យ​ដាក់ពន្ធនាគារ ជា​បណ្ដោះអាសន្ន បុរស​ម្នាក់​ចែកចាយ​បន្ដ​នូវ​សារ​ប្រមាថ​ព្រះ​ជេស្ដា ព្រះមហាក្សត្រ​ខ្មែរ តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។​

​លោក​បន្តថា ជន​រូប​នេះ​ត្រូវ​ចោទប្រកាន់​ពីបទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ តាម​មាត្រា​៤៣៧​ស្ទួន​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ព្រហ្មទណ្ឌ​។​
​បើ​យោង​តាម​ក្រម​ព្រហ្មទណ្ឌ កំណត់ ទោស​ប្រមាថ អង្គ​ព្រះមហាក្សត្រ ត្រង់​ជំពូក​ទី​១ មាតិកា​ទី​១ នៃ​គន្ថី​ទី​៤ មាត្រា​ស្ទួន ៤៣៧​ថ្មី ដោយ​បាន​ចែង​ថា «​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​២​លាន​រៀល ទៅ​១០​លាន​រៀល​»​។​

​លោក​ចៅក្រម បានបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៨ គណៈបញ្ជាការ​ឯកភាព​ខេត្តសៀមរាប បានឃើញ​ការ​បង្ហោះ​តាម Facebook ដែល​មាន​គណនី​ឈ្មោះ Ban Samphy បាន​ចែកចាយ​បន្ត​នូវ​រូបភាព​របស់​អង្គ​ព្រះមហាក្សត្រ​ខ្មែរ ក្នុងន័យ​ប្រមាថ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ​។ ក្រោយពី​បាន​ឃើញ​ការ​បង្ហោះ​នោះ គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ជាបន្ទាន់​។ រហូតដល់​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨ ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ជីក្រែង បាន​រក​ឃើញ​ម្ចាស់​គណនី Facebook ខាងលើ​នោះ មានឈ្មោះ បាន សម្ភី​រ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មុខរបរ​ជា​ជាងកាត់សក់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​កម្លាំង​សមត្ថកិច្ច ក៏​បាន​ហៅ​សា​ម៉ី​ខ្លួន​រូបនោះ មក​ធ្វើ​ការសាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ហើយ​បើ​តាម​ចម្លើយ​របស់​ឈ្មោះ បាន សម្ភី​រ បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៨ ខ្លួន​ដែល​ជា​ម្ចាស់​គណនី​ឈ្មោះ Ban Samphy ពិតជា​បាន​ចែកចាយ​បន្ត​រូបភាព និង​ខ្លឹមសារ ដែល​មាន​ន័យ​ប្រមាថ ព្រះមហាក្សត្រ នៅវេលា​ម៉ោង​៦៖៤០​នាទី ពី​Facebook ឈ្មោះ Khmer Thatcher ពិត​ប្រា​ដក​មែន​។​

​តាម​ចម្លើយ​សារភាព ឈ្មោះ បាន សម្ភី​រ បាន​បញ្ជាក់ទៀតថា ការ​ចែកចាយ​បន្ត​នេះ មកពី​មូលហេតុ​ខ្លួន​មិន​ពេញចិត្ត អង្គ​ព្រះមហាក្សត្រ ដូច្នេះ​នៅពេល​ដែល​ខ្លួន​បាន​ឃើញ​ការ​បង្ហោះ របស់​គណនី (Khmer Thatcher) ក៏​ខ្លួន​បាន​ចែកចាយ​បន្ត​នូវ​រូបភាព និង​ខ្លឹមសារ ក្នុងន័យ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ តែម្ដងទៅ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×