បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរចេញចូលក្រុង ពិតជាបានដឹងច្រើនហើយ ដែលបច្ចុប្បន្ននេះ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កំពុងធ្វើការជួសជុលចាក់ក្រាលកៅស៊ូពីលើបន្ថែម។ តែទោះជាណា អ្នកដំណើរដែលពុំដឹងថាផ្លូវកំពុងជួសជុល ពិតជាមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង ខណៈឃើញរបាំងថ្មពុះទ្រូងផ្លូវ និងបង្គោលភ្លើង បែរជាឃ្លាតចេញពីគ្នា។ ជាមួយស្ថានភាពបែបនេះ គេក៏បានគិតថា អាចប្រឈមហានិភ័យគ្រោះថ្នាក់ណាស់ ជាពិសេសសម្រាប់អ្នកបើកបរស្រវឹង ឬបើកលឿនមិនមានការប្រុងប្រយ័ត្នទុកជាមុន។
ជាក់ស្តែង ដូចការគិតទុកមែន ដោយកាលពីយប់មិញនេះ ស្រាប់តែមានរថយន្ត១គ្រឿង មិនដឹងបើកក្នុងស្ថានភាពស្រវឹង ឬ ក៏មិនបានចាប់អារម្មណ៍យ៉ាងណា បានព្រលះនឹងបង្គោលភ្លើង១ដើម ស្ថិតនៅកណ្តាលផ្លូវ បណ្តាលឲ្យខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំតែម្តង។
ហេតុការណ៍ដ៏ហួសចិត្តនេះ ត្រូវបានដឹងថា បានកើតឡើងកាលពីម៉ោងជាង ៩ យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅមុខភោជនីយដ្ឋានថ្មដា (ផ្លូវកម្ពុជាក្រោម)។
ក្រោយពីបានឃើញបែបនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បានបញ្ចេញមតិហួសចិត្តថា៖ «ថ្មីរហូតស្រុកខ្មែរយើង មិនដឹងថា គេចង់ឲ្យបើកបរផ្លូវកណ្ដាល បើកបរកណ្ដាលផ្លូវទេ ដែលគេធ្វើរបៀបអញ្ចឹងនោះ, វិស្វករស្រុកខ្ញុំគេធ្វើតែអីុចឹង, អ្នករៀបចំការដ្ឋាន គ្មានចំណេះដឹង គ្មានការទទួលខុសត្រូវពីសុវត្ថិភាពអ្នកធ្វើដំណើរ, ធ្វេសប្រហេសពេកហេីយ បេីដកបង្គោលភ្លេឺងមិនទាន់ ក៏គួរដាក់ផ្លាកសញ្ញាណាមួយអោយធំៗ ស្រួលប្រជាពលរដ្ឋប្រុងប្រយ័ត្តផង ដល់ពេលគ្រោះថ្នាក់អុីចឹង ខាងណាទទួលខុសត្រូវ,…»។ តែទោះជាយ៉ាងណា គេក៏បានស្តីបន្ទោសឡានថា៖ «បេីកអត់មេីលបង្គោលភ្លេីងទេអី លោកព្រះ!?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

