ជនសង្ស័យ២នាក់ ត្រូវបានបាញ់សម្លាប់ដោយប៉ូលីសម៉ាឡេស៊ី នៅពេលពួកគេព្យាយាមរត់គេចខ្លួន បន្ទាប់ពីប្លន់ជាងមាសម្នាក់ នៅផ្សារទំនើប Artia ក្នុងតំបន់ Petailing Jaya ។
យោងតាមប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើស Selangor លោក Fadzil Ahmad បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ ល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីចោរប្លន់ ៦ នាក់ ស្ថិតក្នុងសម្លៀកបំពាក់អាវក្រៅធំ និងពាក់មូកសុវត្ថិភាព បានចូលទៅក្នុងផ្សារទំនើបខាងលើដែលមានទីតាំងនៅតំបន់ Damansara Java ។
លោកបន្តថា ប៉ូលីសស្រុក Petaling Jaya បានត្រូវបានផ្តល់ព័ត៌មាននៃហេតុការណ៍នេះនៅម៉ោងប្រហែល ៥ ល្ងាច ហើយពួកគេក៏បានចុះទៅកាន់ទីកន្លែងកើតហេតុភ្លាមៗផងដែរ ។
លោក Fadzil បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតធ្វើឡើងនៅខាងក្រៅផ្សារទំនើបនោះថា៖ «នៅពេលប៉ូលីសមកដល់កន្លែងកើតហេតុ ពួកគេបានរត់សំដៅជនសង្ស័យទាំងនោះ ដែលបានប្លន់ជាងទងម្នាក់ ហើយព្យាយាមរត់គេចខ្លួនដោយប្រើប្រាស់ម៉ូតូចតនៅខាងក្រៅ» ។
លោកនិយាយថា ជនសង្ស័យទាំងនោះ ដំបូងឡើយបានបាញ់សំដៅសមត្ថកិច្ច ដែលជាហេតុធ្វើឲ្យពួកគេគ្មានជម្រើសផ្សេង និងធ្វើការបាញ់តបតវិញតែម្តង ។
ការបាញ់តដៃគ្នារវាងសមត្ថកិច្ច និងចោរប្លន់ប្រដាប់អាវុធទាំងនោះ លទ្ធផល ធ្វើឲ្យជនសង្ស័យ២នាក់ស្លាប់ ខណៈម្នាក់ទៀតរងរបួស ។
ជនសង្ស័យ៤នាក់ ក្នុងនោះម្នាក់ដែលរងរបួស ត្រូវបានចាប់ខ្លួន ដើម្បីស៊ើបអង្កេតបន្ថែម ៕ ចន្ទី