ព្រះសីហនុ៖ ថ្នាក់ដឹងនាំមន្ទីរទេសចរណ ខេត្តព្រះសីហនុ បានឲ្យដឹងថា ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលទៅកម្សាន្តខេត្តព្រះសីហនុ ក្នុងកំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០១៧ មានការកើនឡើង ៥,៩ភាគរយ។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីទេសចរណ៍ មានប្រសាសន៍ថា ភ្ញៀវទេសចរ មានចំនួនកើនខ្ពស់គួរអោយកត់សម្គាល់ នាឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។
លោកបន្តថា ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មានការចាប់អារម្មណ៍ចេញទៅកម្សាន្តតាមបណ្តាកោះនានា រួមមាន៖ ឆ្នេរកោះរ៉ុងសន្លឹម ឆ្នេរកោះរ៉ុង មានឆ្នេរកោះតូច ឆ្នេរឡុងសិត ឆ្នេរសុខសាន្ត និងឆ្នេរភ្លោះ កោះឋានសួគ៌ នៃសង្កាត់កោះរ៉ុង។
លោក តាំង សុចិត្រគ្រឹស្នា ឲ្យដឹងទៀតថា ភ្ញៀវទេសចរចូលមកកម្សាន្តនាខេត្តព្រះសីហនុរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នាពិធីបុណ្យអុំទូក មានចំនួនប្រមាណ ៨៥០០០នាក់ លើ៨០២០០នាក់ គឺ កើនឡើង ៥.៩ភាគរយ។ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ៧៣.៩៥០នាក់ កើនឡើង ៤.៨ ភាគរយ និងភ្ញៀវអន្តរជាតិ មានចំនួនប្រមាណ ១១.០៥០នាក់ កើនឡើងប្រមាណ១៤.៥ភាគរយ។
លោក គ្រឹស្នា បន្តទៀត ភ្ញៀវទេសចរ ដែលចេញទៅកម្សាន្ត តាមបណ្តាកោះមានចំនួនសរុប ៥៩៨៨នាក់ មានស្រី ២៨៦០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤១៥១នាក់ ស្រី ២១១៨នាក់ និងភ្ញៀវអន្តរជាតិមាន ១៨៣៧នាក់ ស្រី៧៥២នាក់។
ចំណែកភ្ញៀវទៅកម្សាន្តនៅតាមរម្មនីយដ្ឋាននានារួមមាន៖ រមនីយដ្ឋានក្បាលឆាយ មានភ្ញៀវសរុបប្រមាណ ៩៨៣២នាក់ ក្នុងនោះមានភ្ញៀវបរទេស ១៦នាក់ ស្រី០៧នាក់។ រមនីយដ្ឋានថ្មរូង មានភ្ញៀវប្រមាណ ៧៣០០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមាន ៦៥នាក់ ស្រី ២៧នាក់។ រមនីយដ្ឋាន ពិចនិច មានប្រមាណ ១៧៨០នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ ២៨១នាក់ ស្រី ៨៥នាក់។
ទាក់ទិនបពា្ហសន្តិសុខ ត្រូវថ្នាក់ដឹកនាំស្ថាប័នកងរាជអាវុធហត្ថ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អះអាងថា មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ប៉ុន្តែភ្ញៀវទេសចរភាគច្រើន បានត្អូញត្អែរ ចំពោះបញ្ហាតម្លៃសេវាស្នាក់នៅ សេវាអង្គុយ សេវាម្ហូបអាហារ ឬការជួលតុអង្គុយជាដើម នៅតាមឆ្នេរមួយចំនួន រួមមានឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ ជាដើមមានតម្លៃខ្ពស់។ ជាពិសេស បញ្ហាបរិស្ថានគ្មានអនាម័យ ដោយកាសាយភាយ នៃក្លិនសំរាម និងសំរាមត្រូវបានគេបោះចោលតាមផ្លូវសាធារណៈគ្មានសណ្តាប់ធ្នាប់ ដោយរដ្ឋបាលខេត្តព្រះសីហនុ គ្រប់គ្រងមុនទាន់បានល្អទេ។
លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ញាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានអោយដឹងថា បញ្ហាសន្តិសុខ នាឱកាសបុណ្យអុំទូកឆ្នាំនេះ មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
លោក ហេង ប៊ុនទី បានកត់សម្គាល់ថា មានឆ្នេរសមុទ្រចំនួន ២កន្លែង គឺឆ្នេរអូរត្រេះ នៅក្រុងព្រះសីហនុ និងឆ្នេរព្រែកត្រែង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កំពុងក្លាយជាឆ្នេរសមុទ្រ ដ៏ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិអន្តរជាតិ ពិសេសភ្ញៀវជាតិ ទើបធ្វើអោយភ្ញៀវទេសចរ មានការកើនច្រើននាពីធីបុណ្យអុំទូកឆ្នាំនេះ។
លោក ហេង ប៊ុនទី មេបញ្ញាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៣ថ្ងៃ នៃពីធីបុណ្យ អុំទូកឆ្នាំនេះដែរ គឺកម្លាំងជំនាញ បានខិតខំបំពេញការងារថែរក្សាសុវត្តិភាពជូន ភ្ញៀវទេសចរ ដែលបានមកកម្សាន្ត នៅតាមបណ្តាកោះ និងនៅតាមបណ្តាឆ្នេរផ្សេងៗ នៅលើដីគោកមានភាពទទួកខុសត្រូវខ្ពស់ ដោយពុំមានបាតុភាពអ្វីកើតឡើងគួរអោយកត់សម្គាល់ទេ។
ចំណែក លោកវរៈសេនីយ៍ទោ ឌឹម សំបូ អនុប្រធានអង្គភាពបង្ការ និង បង្ក្រាបលើផ្ទៃសមុទ្រ បានអោយដឹងដែរថា រយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំនេះ នៅលើផ្ទៃសមុទ្រ ពុំមានហេតុការណ៍គ្រោះថ្នាក់លិចទូក ឬលិចកប៉ាល់ណាមួយកើតឡើងនោះទេ។
លោកបន្តថា ការធ្វើដំណើរ របស់ភ្ញៀវទេសចរ ចេញទៅកម្សាន្តតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ គឺមានសុវត្ថិភាពល្អ។ លោក ឌឹម សំបូរ ឲ្យដឹងបន្តទៀតថា កម្លាំងជំនាញស្ថាប័នលោក បានខិតខំបំពេញការងារ អោយស្របតាមបទបញ្ជារ របស់ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដោយការទទួលខុសត្រូវខ្ពស់៕ ដោយ៖ សត្យា