វិស្វករវ័យចំណាស់ជនជាតិជប៉ុនម្នាក់ ក្រោយពេលបញ្ចប់ការងារនៅវៀតណាម គាត់និយាយទៅកាន់កម្មករវៀតណាម ដោយមិនក្រែងរអែងចិត្តថា ៖ “ជនជាតិវៀតណាមរបស់អស់លោក ម៉ឺនឆ្នាំទៅមុខ ក៏នៅវេទនាដដែល អស់លោកគិតដល់តែផលប្រយោជន៍កំប៉ិកកំប៉ុករបស់បុគ្គល ដោយមិនចេះគិតដល់ប្រយោជន៍ធំធេងរបស់សង្គមឡើយ” ។
វិស្វករជប៉ុនដែលពោលពាក្យរិះគន់ ធ្វើឲ្យពលជនជាតិវៀតណាមបង្ខំចិត្តសារភាពថា “ត្រូវតែដឹងគុណគាត់ ព្រោះគាត់និយាយត្រូវ” ជាមួយនឹងប្រធានបទខាងលើវិស្វកររូបនេះ បកស្រាយ ៖ ខ្ចៅខ្យងមួយដែលយើងខ្ញុំត្រូវនាំចូលពីជប៉ុនក្នុងតម្លៃ ៤០.០០០ដុង (ប្រមាណជិត ២ ដុល្លារ) ដែលធ្លាក់ចុះដីនោះកម្មករវៀតណាម ដើរជាន់ពីលើ ឬទាត់វាចោលយ៉ាងរំភើយ ដោយហេតុថា វាពុំមែនជារបស់អស់លោក ។ ផ្ទុយទៅវិញពេលដែលអស់លោកធ្វើធ្លាក់បារីដែលកំពុងជក់ តម្លៃត្រឹមតែ ១.០០០ដុង (០,០២៥ USD) នោះគឺពួកលោក បែរជាសុខចិត្តឱនរើសវាឡើង រួចបន្តជក់ទោះបីវាគគ្រិចក៏ដោយ ព្រោះថាវាជារបស់អស់លោក។
មួយវិញទៀត ដូចជាខ្សែកាបល្លិ៍អគ្គិសនី យើងខ្ញុំត្រូវនាំចូលក្នុងតម្លៃ ៥ លានដុង/១ម៉ែត្រ ប៉ុន្តែអស់លោកបានលួចកាត់យក ហើយយកទៅលក់ក្នុងតម្លៃ ២-៣ម៉ឺនដុង ប៉ុណ្ណោះ ។ រឿងទាំងអស់នេះ វាអាចនាំឲ្យអស់លោកនូវប្រយោជន៍តិចតួចប៉ុណ្ណោះ ប៉ុន្តែវាបានបង្កអន្តរាយយ៉ាងធំធេងដល់ក្រុមហ៊ុន ព្រោះថាបែបនេះយើងខ្ញុំបង្ខំចិត្តត្រូវនាំចូលបន្ថែម ឬនាំចូលលើសពីតម្រូវការនៃគម្រោង” ។
ចំពោះអ្នកបើកបររថយន្តរបស់វិស្វករនោះវិញ ត្រូវបានគាត់ជូនកាដូមានតម្លៃជាមួយពាក្យដាសតឿនដូចខាងក្រោម ៖ ខ្ញុំពិតជាអរគុណលោកខ្លាំងណាស់ ដែលបានផ្តល់សុវត្ថិភាពក្នុងការបើកបរ ៥ឆ្នាំ កន្លងមក ព្រោះលោកជាអ្នកធានាជីវិតខ្ញុំ ហេតុនេះលោកចង់បានអ្វីក៏ខ្ញុំព្រម ប៉ុន្តែកុំច្រឡំថា លោកបានធ្វើអ្វីខុសខ្លះហើយខ្ញុំមិនដឹងនោះ ។ លោកទៅទទួលឬជូនដំណើរខ្ញុំឡើងយន្តហោះ ដែលមានចម្ងាយផ្លូវត្រឹមតែ ៣០គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក្នុងរបាយការណ៍លោកបានសរសេរដល់ទៅជាង ១០០គីឡូម៉ែត្រឯណោះ ក៏ខ្ញុំនៅចុះហត្ថលេខា លោកនៅសរសេររឿងទិញសាំង ប្តូរប្រេង ខ្ញុំក៏ចុះហត្ថលេខា ។ ហេតុផលដែលខ្ញុំចុះហត្ថលេខា ព្រោះដោយសារឲ្យលោកសប្បាយចិត្តក្នុងការបើកបររថយន្តសុវត្ថិភាពដល់ខ្ញុំ ។
ប៉ុន្តែលោកដែលជាអ្នកបើកបរ និងបណ្តាកម្មករវៀតណាមទាំងឡាយ មេត្តាកុំនឹកស្មានថា អស់លោកបោកប្រាស់ជនជាតិជប៉ុនបានឲ្យសោះ ។ អស់លោកគប្បីដឹងថា យើងខ្ញុំអាចផ្តល់បៀវតវត្សរ៍ខ្ពស់ជាងនេះ ឬបង្កើនវាច្រើនដងសម្រាប់អស់លោក ។ ពិតណាស់ យើងខ្ញុំបានតម្លើងប្រាក់ខែឲ្យលោក ២០០.០០០ ដុង (ប្រហែលជិត ១០ ដុល្លារ) ដែលតាមពិតទៅយើងខ្ញុំអាចបង្កើនជូនអស់លោកដល់ 500.000 (ជិត ២៥ USD) ។ ដឹងទេថា យើងខ្ញុំបានរក្សាទុកប្រាក់ ៣០០.០០០ ដុង គឺដើម្បីទុកបង្គ្រប់ចំណាយ “រាយការណ៍ផ្តេសផ្តាស” ឬល្បិចកលផ្សេងទៀតរបស់អស់លោក ។ ដូច្នេះគិតទៅចុងក្រោយគឺអស់លោកជាអ្នកនាំអន្តរាយដល់ខ្លួនឯងប៉ុណ្ណោះ ។ ចំណែកភាគីយើងខ្ញុំក៏គ្រាន់តែយករបស់ជនជាតិវៀតណាម ឲ្យទៅជនជាតិវៀតណាមប៉ុណ្ណោះ យើងខ្ញុំក៏ពុំមានខាតបង់អ្វីបន្តិចឡើយ ។ បានសេចក្តីថា តាមរយៈប្រយោគទាំងឡាយខាងលើ គូសបញ្ជាក់ឲ្យឃើញក្នុងកែវភ្នែករបស់ជនជាតិជប៉ុនមួយចំនួន ពលករវៀតណាមពុំត្រូវបានគេវាយតម្លៃល្អនោះទេ ។
ចុះចំណែកកម្ពុជាយើងវិញ ?