រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយ បាននិងកំពុងត្រូវបានអ្នកលេងហ្វេសប៊ុកចែករំលែកតៗគ្នាឡើងកក្រើកបណ្តាញសង្គមតែម្តង ដែលបុរសប្រកបមុខរបរដើរសំលៀងកាំបិតតាមផ្ទះម្នាក់ ត្រូវបានបុគ្គលិកធនាគារមួយកន្លែងនៅក្នុងប្រទេសថៃ ដេញចេញក្រៅវិញ និងថែមទាំងពោលពាក្យមើលងាយមើលថោក «អាវមិនអាវខោមិនខោ» ទៀតផង បន្ទាប់ពីគាត់ និងកូនប្រុសតូចម្នាក់ បានចូលទៅក្នុងធនាគារនោះ ក្នុងបំណងបើកកុងមួយ ។
បុរសម្នាក់ឈ្មោះ Pongpat Sripong អាយុ ៤៧ ឆ្នាំ បានរៀបរាប់ពីដំណើរឿងរ៉ាវនេះទាំងទឹកភ្នែកថា នៅព្រឹកមួយនោះ រូបគាត់ និងកូនប្រុស បាននាំយកលុយចំនួន ២០០០ បាត (៦២ ដុល្លារ) ជាលុយសុចរិតបានមកពីមុខរបរដើរសំលៀងកាំបិតតាមផ្ទះគេ ទៅកាន់ធនាគារមួយ ដើម្បីផ្ញើទុកនៅទីនោះ ទុកគ្រាន់ជាទុនសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនៗ បានរៀនខ្ពង់ខ្ពស់នៅថ្ងៃអនាគត ដោយពុំចង់ឲ្យពួកគេមានអនាគតមិនល្អដូជាឪពុកទៀត ។
ប៉ុន្តែ រូបគាត់ពិតជាពុំនឹកស្មានដល់សោះ ខណៈគាត់បានចូលក្នុងកន្លែងអង្គុយភ្លាម ស្រាប់តែនារីជាបុគ្គលិកធនាគារម្នាក់ ដែលសម្តែងការពុំពេញចិត្ត បានដេញគាត់ និងកូនប្រុស ត្រឡប់ទៅផ្ទះវិញ ដើម្បីងូតទឹកឲ្យស្អាត មុនពេលផ្ញើលុយ ព្រោះពួកគេធុំក្លិនអសោចពេញក្នុងធនាគារ ។ ពុំត្រឹមតែប៉ុណ្ណឹងទេ បុគ្គលិកស្រីនោះនៅបានពោលពាក្យថា «ប្រសិនអ្នកមិនមានលុយច្រើនទេ ពុំបាច់យកមកផ្ញើនៅធនាគារទេ ព្រោះវារំខានដល់អ្នកដទៃ» និងថែមទាំងបង្គាប់ឲ្យសន្តិសុខអូសបុរសនោះ និងកូនប្រុសរបស់គាត់ ចេញទៅខាងក្រៅវិញ នៅចំពោះភ្នែកភ្ញៀវជាច្រើនមកទទួលសេវាកម្ម សម្តែងនូវក្តីអាណិតអាសូរជាខ្លាំង ៕ ចន្ទី