Lynnea Salvo អាយុ ៧២ ឆ្នាំ បានបំបែកឯតទគ្គកម្មពិភពលោក ដោយអ្នកស្រីបានបញ្ចប់ការជិះកង់តាមបណ្តោយឆ្នេរខ្សាច់ ៣,៣៥២ គីឡូម៉ែត្រ ក្នុងរយៈពេល ៤៣ ថ្ងៃ។
អ្នកស្រី Lynnea បានចាប់ផ្តើមចេញដំណើរពី San Ysidro (រដ្ឋកាលីហ្វ័រញ៉ា) ដោយជិះកង់តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកពីខាងជើង ទៅខាងត្បូង តាមរយៈការនាំផ្លូវ GPS។
អ្នកស្រី Lynnea បាននិយាយថា “ខ្ញុំមិនចាំបាច់ទៅលឿនទេ ខ្ញុំរក្សាសុខភាពរបស់ខ្ញុំ ដើម្បីបំពេញគោលដៅ។ ខ្ញុំក៏មិនបានអស់កម្លាំងអំឡុងពេលធ្វើដំណើរដែរ”។
ការជិះកង់នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក គឺជាបញ្ហាប្រឈមសម្រាប់នាង។ Lynnea Salvo ត្រូវជំនះលើការឡើងជំរាលដ៏ចោតជាង ៣០ គីឡូម៉ែត្រ។ ជាក់ស្តែង ថ្ងៃខ្លះ អ្នកស្រីត្រូវឡើងភ្នំច្រើនជាងមួយដង ប៉ុន្តែ ផ្ទុយទៅវិញ អ្នកស្រីមានឱកាសបានគយគន់ទេសភាពធម្មជាតិដ៏អស្ចារ្យជាច្រើន។
អ្នកស្រី Lynnea បន្តថា “ដោយសារតែខ្ញុំជិះកង់ ខ្ញុំអាចឈប់នៅកន្លែងដែលរថយន្តមិនអាចទៅដល់ និងមើលរូបភាពធម្មជាតិដ៏ស្រស់ស្អាត”។
ជាមួយនឹងគម្រោងដើម្បីសន្តិភាព អ្នកស្រី Lynnea ចង់ឧទ្ទិសការធ្វើដំណើរនេះ ទៅដល់បងប្រុសរបស់នាង John Thomas West ដែលបានស្លាប់នៅអាយុ ២៨ ឆ្នាំ នៅក្នុងគ្រោះថ្នាក់យន្តហោះធ្លាក់នៅប្រទេសឡាវ។
កាលពីមុន អ្នកស្រី Lynnea Salvo បានឈ្នះឯតទគ្គកម្មពិភពលោក សម្រាប់មនុស្សចាស់ជាងគេ ក្នុងការធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ដោយកង់ក្នុងឆ្នាំ ២០១៦ នៅអាយុ ៦៧ ឆ្នាំ។ នៅឆ្នាំ ២០១៨ អ្នកស្រីបានឈ្នះកំណត់ត្រាសម្រាប់មនុស្សចាស់បំផុត ជិះកង់ឆ្លងប្រទេស ធ្វើដំណើរជុំវិញប្រទេសកាណាដានៅអាយុ ៦៨ ឆ្នាំ ក្នុងរយៈពេល ៣៤០ ថ្ងៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




