ភ្នំពេញ៖ រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពនៃទីក្រុងទាំង២។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីរវាងរាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំងបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ឧសភា ឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញរវាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីឈី ជីង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំរដ្ឋធានីប៉េកាំង និងជាអគ្គនាយកនៃនាយកដ្ឋានរណសិរ្សរួបរួមនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន។
នេះជាការបោះជំហ៊ានទៅមុខ១ជំហ៊ានទៀតរបស់ រដ្ឋបាលរាជធានីភ្នំពេញក្នុងការចាប់ដៃចងសម្ព័ន្ធភាពលើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិនគឺទីក្រុងប៉េកាំងជាទីក្រុងទី៧របស់ចិនដែលរាជធានីភ្នំពេញបានចុះហត្ថលេខាចង សម្ព័ន្ធមេត្រី ក្នុង
គោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទីក្រុងឲ្យកាន់តែវិវឌ្ឍន៍រីកចម្រើនស្របតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលដាក់ចេញដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង។
លោកឃួង ស្រេង បានថ្លែងថា ផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូរលង់ ខ្ញុំកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំង២កាន់តែមានភាពស៊ីជម្រៅ ស្អិតល្មួតលើគ្រប់វិស័យចាប់តាំងពីកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ ជាពិសេសបន្ទាប់ពីជំនួបថ្នាក់ដឹកនាំកំពូលរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
លោកបន្តថា សម្រាប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតទីក្រុងសម្ព័ន្ធមេត្រីនាពេលនេះ ធ្វើឡើងក្នុងឆ្នាំមិត្តភាពខូបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា.ចិនដែលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយបង្ហាញពីកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះរដ្ឋធានីប៉េកាំង បានក្លាយជាទីក្រុងសម្ព័ន្ធមេត្រីទី៧របស់រាជធានីភ្នំពេញក្នុងចំណោមបណ្តាទីក្រុងក្នុងប្រទេសចិនដែលបានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីរួចហើយ។ កិច្ចព្រមព្រៀងដែលបានបោះចេញជា៣ភាសាគឺខ្មែរ.ចិន.និងអង់គ្លេសបានបញ្ជាក់ថា៖ភាគីទាំង២នឹងអនុវត្តនូវគោលការណ៍នៃភាពស្មើគ្នា និងផលប្រយោជន៍ជាទ្វេភាគីតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាសេដ្ឋកិច្ច វប្បធម៌ អប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថានជាដើម។ កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល៥ឆ្នាំគិតពីថ្ងៃចុះហត្ថលេខាតទៅ។
លោកស្រីឈី ជីង បានចាត់ទុកមិត្តភាពកម្ពុជា.ចិនគឺជាមិត្តដ៏ល្អ ជាដៃគូរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមកអស់រយៈពេល៦០ឆ្នាំមកហើយ។ លោកស្រីថ្លែងថា ទីក្រុងប៉េកាំងតែងយកចិត្តទុកដាក់ចំពោះរាជធានីភ្នំពេញ។ ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលទីក្រុងទាំង២ប៉េកាំង.ភ្នំពេញបានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីជាមួយគ្នាគឺឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុង៕ ដោយ៖បញ្ញាស័ក្តិ