មានរឿងរ៉ាវក្តៅក្រហាយមួយបានធ្វើឲ្យអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើលជាថ្មីទៀតហើយ បន្ទាប់ពីបុរសអតិថិជនចិត្តសឿងម្នាក់ ដែលចង់បំបាក់មុខអ្នកលក់ដូរចូលចិត្តលក់កេងចំណេញដ៏ជ្រុលហួស កើតទុក្ខមិនសុខចិត្ត ជិះម៉ូតូមកតវ៉ា បន្ទាប់ពីគាត់ទិញធូរ៉េនអស់ ៣,៤ គីឡូក្រាម ប៉ុន្តែ ពេលដល់ផ្ទះថ្លឹងមើលស្រាប់តែពិនិត្យឃើញខ្វះភ្នែកជញ្ជីងដ៏ច្រើនពុំអាចទទួលយកបាន ។
តាមវីដេអូថតដោយខ្លួនឯងផ្ទាល់ បុរសចិត្តម៉ាបាវយើង បានជិះម៉ូតូថតបង្ហាញពីកន្លែងលក់ធូរ៉េនកេងភ្នែកជញ្ជីងជាច្រើន ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ពោលគឺទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ។ នៅកន្លែងលក់ធូរ៉េនកោរភ្នែកជញ្ជីងមួយ បុរសរូបនោះ បានចូលទៅតវ៉ាបង្កឲ្យកើតជាជម្លោះជជែកគ្នាឡើងតឹងសរសៃកតែម្តង ។
នៅក្នុងវីដេអូ ត្រូវបានឃើញបន្ទាប់បុរសនោះប្រគល់ធូរ៉េនឲ្យវិញ និងរួមទាំងនិយាយទាក់ទងនឹងធូរ៉េនស៊ីគីឡូ… ហើយនៅពេលនោះ ស្ត្រីអ្នកលក់ជាប្រពន្ធ ក៏បានដកលុយហុចឲ្យគាត់វិញ និងដេញឲ្យទៅថតឲ្យឆ្ងាយ ប៉ុន្តែ បុរសនោះពុំព្រមទាន់ថយចេញឡើយ ដោយនៅតែព្យាយាមថត និងនិយាយដដែលៗ ដើម្បីឲ្យប្តីប្រពន្ធអ្នកលក់នោះបាក់មុខនៅលើបណ្តាញសង្គមហ្វេសប៊ុកតែម្តង ។
អ្វីដែលធ្វើឲ្យមហាជនកាន់តែហួសចិត្តនោះ គឺនៅចំណុចចុងក្រោយនៃវីដេអូ ស្ត្រីជាប្រពន្ធនោះត្រូវបានលឺនិយាយយ៉ាងច្បាស់ៗទៅកាន់បុរសនោះថា «យើងរកអារបស់ថោក អត់គ្រប់គីឡូចឹងហើយ… លក់បានតាស ១៥០០០ អត់គ្រប់គីឡូ! ឥឡូវឲ្យ ២០០០០ ទៅ លក់អាគ្រប់គីឡូឲ្យ… ចប់!!» ៕ ចន្ទី