ប្រទេសចិនបានចតយន្តហោះទំលាក់គ្រាប់បែករបស់ខ្លួនជាលើកដំបូង នៅតំបន់មានជម្លោះ ស្ថិតក្នុងសមុទ្រចិនខាងត្បូង ដែលសកម្មភាពរបស់ចិននេះ ត្រូវបានអាមេរិចព្រមានថា ចិនកំពុងធ្វើឲ្យមានអស្ថេរភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយរបស់ BBC កាលពីចុងសប្តាហ៍កន្លងទៅនេះ។
យន្តហោះទំលាក់គ្រាប់បែកប្រភេទ H-6K គឺស្ថិតក្នុងចំំណោមយន្តហោះជាច្រើនគ្រឿងទៀតរបស់ចិនដែលបានចូលរួមហ្វឹកហាត់នៅលើកោះ និងតំបន់ថ្មីប៉ប្រះទឹក ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន។
អ្នកជំនាញពីអង្គការតម្លាភាពដែនសមុទ្រអាស៊ី (AMTI) បាននិយាយថា បើតាមវិដេអូមួយរបស់កាសែតចិនបានបង្ហាញ់ថា យន្តហោះទំលាក់គ្រាប់បែក H-6K បានធ្វើការចត និងហោះចេញពីមូលដ្ឋាននៅលើកោះ Woody Island ដែលជាកោះដ៏ធំបំផុតនៃប្រជុំកោះ Paracel។
Woody Isaland ដែលចិនហៅថា កោះ Yongxing គឺជាកោះមានជម្លោះដែលទាមទារកាន់កាប់ដោយប្រទេសវៀតណាម និងកោះតៃវ៉ាន់។
សូមបញ្ជាក់ថា ដែនទឹកមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់ផ្លូវទឹកសំរាប់ធ្វើជំនួញយ៉ាងសំខាន់ មានប្រទេសចំនួន ៦ទាមទារកាន់កាប់ រួមមាន ម៉ាឡេស៊ី ភីលីពីន ប្រុយណេ វៀតណាមតៃវ៉ា់ន់ និងចិននេះឯង ដែលទាមទារកាន់កាប់ដែនទឹកមានជម្លោះស្ទើរទាំងស្រុង។
ចិនបានកសាងកោះសប្បនិម្មិតជាច្រើននៅក្នុងដែនទឹកមានជម្លោះ ហើយសកម្មភាពនៃការចតរបស់យន្តហោះទំលាក់គ្រាប់បែកនៅកោះមានជម្លោះនឹងរឹតតែធ្វើឲ្យមានភាពតានតឹងទៀតក្នុងតំបន់៕ សុភ័ក្ត្រ