ព្រះសីហនុ ៖ ក្នុងកម្មវិធីប្រកាសផ្ទេរភារកិច្ច និងកែសំរួលការងារ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ដែលធ្វើឡើងនៅ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ត្រូវបានថ្នាក់ដឹកនាំខេត្តព្រះសីហនុ ប្រកាសជាផ្លូវការថា លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ពេលនេះត្រូវផ្លាស់ចេញទៅបម្រើការងារនៅកន្លែងថ្មី ប៉ុន្តែខេត្តណា កន្លែងណា គេមិនទាន់បញ្ជាក់ច្បាស់នោះទេ, គ្រាន់តែបញ្ជាក់ថា លោក សំ សុវណ្ណារិទ្ធិ ត្រូវបានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ឲ្យធ្វើជាប្រធានសាខាគយ និងរដ្ឋាករ ប្រចាំខេត្តព្រះសីហនុ។
ពិធីប្រកាសតែងតាំង និងកែសម្រួលការងារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមជាគណៈអធិបតីពីសំណាក់ លោក ម៉ាង ស៉ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ និងលោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមន្ត្រីនៃអង្គភាពពាក់ព័ន្ធជាច្រើនទៀតក្នុងខេត្តព្រះសីហនុ។

លោក ម៉ាង ស៉ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ បានជំរុញឲ្យ លោក សំ សុវណ្ណារិទ្ធិ ដែលត្រូវបានតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករថ្មីប្រចាំខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត បំពេញតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឲ្យការងារនៅខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន មានសាមគ្គីផ្ទៃក្នុងអង្គភាព និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ និងម៉ឺងម៉ាត់ ជាមួយគ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ឱ្យកាន់តែល្អប្រសើរ។
ចំណែកនៅខេត្តតាកែវឯណោះវិញលោក ស៊ុន ឆាយ ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករប្រចាំខេត្តតាកែវ ជំនួស លោក កែវ វ៉ាន្នី ដែលត្រូវផ្លាស់ទៅកាន់តំណែងជាប្រធានគយកំពង់ផែអន្តរជាតិភ្នំពេញ។
ពិធីផ្លាស់ប្ដូរមុខតំណែងនេះ បានរៀបចំធ្វើឡើងនៅសាលាខេត្តតាកែវ នារសៀលថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២២២២ ដែលមានការចូលរួមជាគណៈអធិបតី លោក សែ សុឃន អគ្គនាយករងគយ និងរដ្ឋាករកម្ពុជាតំណាង លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា។
ការផ្លាស់ប្ដូរមុខតំណែងប្រធានសាខាគយ និងរដ្ឋាករនេះ ត្រូវបានមហាជន សម្ដែងមតិថាសូមអបអរសាទរ ចំពោះការគិតគូរ តែងតាំងមុខតំណែង និងកែសម្រួលការងារ ដល់ក្រុមមន្ត្រីគយ និងរដ្ឋាករកម្ពុជា ដើម្បីផ្លាស់ប្ដូរសមត្ថភាព បទពិសោធន៍ និងពង្រឹងពង្រីកការងារ ដើម្បីប្រមូលពន្ធថវិកាផ្សេងៗបង្កើនចំណូលជាតិ, ប៉ុន្តែយ៉ាងណា សូមធ្វើការប្រកបដោយសុចរិត កុំឱ្យមានគំរូធ្វើការស្រង់ពន្ធ ឬប្រមូលពន្ធតាមរបៀបម៉ៅការឲ្យសោះ ព្រោះការធ្វើបែបនេះ វានាំឱ្យខាតចំណូលរដ្ឋ បែរជាចំណេញទៅខាងឈ្មួញ និងចំណេញមកខាងអត្តការិយា-ធិបតេយ្យទៅវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










