កាលពីពេលថ្មីៗនេះ វីដេអូមួយត្រូវបានចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញអ្នកទេសចរស្រីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ក្នុងអាវផាយ បានដើរចេញពីអាកាសយានដ្ឋាន សំដៅទៅកាន់យន្តហោះដែលកំពុងរំកិលនៅលើផ្លូវរត់ បានធ្វើឲ្យមនុស្សជាច្រើនហួសចិត្តយ៉ាងខ្លាំង ព្រោះថា នេះជាឥរិយាបទមួយដែលចាត់ទុកថាគ្រោះថ្នាក់ខ្លាំង និងបង្កការគំរាមកំហែងដល់សុវត្ថិភាពហោះហើរ។
តាមរយៈវីដេអូ បានបង្ហាញស្រីស្រស់រូបនោះ បានដើរកាច់រាងឆ្ពោះទៅកាន់យន្តហោះ ដែលកំពុងរំកិលចូលចំណត ហើយនាងបានឈប់ ដោយជើងហៀបនឹងប៉ះខ្សែក្រហមនៃដែនកំណត់សុវត្ថិភាព រវាងទីតាំងចតយន្តហោះ។
បើតាមខ្លឹមសារវីដេអូ ភ្ញៀវទេសចរស្រីម្នាក់នេះ បានធ្វើសកម្មភាពខាងលើ គឺដើម្បីថតបង្ហោះលើបណ្ដាញសង្គម TikTok ដើម្បីទាក់ទាញអ្នកទស្សនាប៉ុណ្ណោះ។
តែទោះជាយ៉ាងណា ទង្វើរបស់ស្រីស្អាតរូបនេះ ត្រូវបានចាត់ទុកថា គ្រោះថ្នាក់សម្រាប់ខ្លួនឯងនាង និងគំរាមកំហែងដល់សុវត្ថិភាពនៃការហោះហើរ ខណៈដែលម៉ាស៊ីនរបស់យន្តហោះដែលនៅកៀកនឹងខ្លួននាង កំពុងនៅតែដំណើរការ។ ជាមួយនឹងកម្លាំងបឺតនៃម៉ាស៊ីនយន្តហោះនៅពេលដំណើរការ គឺវាមានគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់នរណាម្នាក់ចូលទៅជិតពេក។
វីដេអូនេះ ត្រូវបានដឹងថា បានថតនៅអាកាសយានដ្ឋាន Phu Quoc (Kien Giang)។ នៅពេលទទួលបានព័ត៌មានភ្លាម កាលពីថ្ងៃទី ១១ ខែកក្កដា រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម (ក្រសួងដឹកជញ្ជូន) បាននិយាយថា កំពុងផ្ទៀងផ្ទាត់ម្ចាស់វីដេអូខ្លីមួយ ដែលកំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់នារីទេសចរណ៍ម្នាក់ ដែលចេញមកក្បែរទីតាំងយន្តហោះកំពុងរំកិលចូលចំណត។
ប្រធាន CAAV បាននិយាយថា “បច្ចុប្បន្នអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម កំពុងផ្ទៀងផ្ទាត់ពេលវេលា និងអាកាសយានដ្ឋាន ដែលអ្នកទេសចរស្រីនោះបានថតវីដេអូ។ ប្រសិនបើផ្ទៀងផ្ទាត់ត្រឹមត្រូវ យើងនឹងដោះស្រាយករណីនេះយ៉ាងតឹងរ៉ឹង ហើយប្រកាសជាសាធារណៈនូវលទ្ធផលដោះស្រាយ”។
យោងតាមរបាយការណ៍រហ័សពីអាកាសយានដ្ឋានអន្តរជាតិ Phu Quoc ករណីខាងលើនេះ បានកើតឡើងប្រហែលមួយខែមុន នៅអាកាសយានដ្ឋាន Phu Quoc ។ មុនពេលធ្វើរឿងនេះឡើង នារីជាអ្នកដំណើរម្នាក់នោះ បានជិះរថយន្តក្រុងពីស្ថានីយទៅកាន់យន្តហោះ ពេលរថយន្តក្រុងឈប់បើកទ្វារ នាងក៏បានរត់សំដៅយន្តហោះកំពុងធ្វើដំណើរលើផ្លូវដើម្បីថតវីដេអូតែម្តង។
បុគ្គលិកគ្រប់គ្រងសន្តិសុខអាកាសចរណ៍ នៅអាកាសយានដ្ឋាន Phu Quoc ដែលបំពេញបេសកកម្មនៅទីតាំងរបស់យន្តហោះ បានរកឃើញ និងចូលទៅជិត ដោយសុំឱ្យអ្នកដំណើរស្រីរូបនោះ ត្រឡប់ទៅទីតាំងសុវត្ថិភាពវិញ។
អង្គភាពគ្រប់គ្រងអាកាសយានដ្ឋាន បានរាយការណ៍ថា “នៅពេលនោះ អាកាសយានដ្ឋានគិតថា អ្នកដំណើរគ្រាន់តែមានអាកប្បកិរិយារំភើបប៉ុណ្ណោះ ព្រោះនៅអាកាសយានដ្ឋានមិនមានផលវិបាកអ្វីឡើយ ហេតុដូច្នេះហើយ ពួកគេក៏មិនបានហៅនាំអ្នកដំណើរស្រីរូបនោះ ឱ្យដោះស្រាយអាកប្បកិរិយារំខាន និងមិនគោរពតាមបទប្បញ្ញត្តិសុវត្ថិភាពនោះទេ។
យោងតាមអាជ្ញាធរអាកាសចរណ៍ មានបទប្បញ្ញត្តិច្បាស់លាស់អំពីកន្លែងដែលភ្ញៀវអាចដំណើរការនៅពេលឡើង/ចុះ ពីលើយន្តហោះ។ នៅពេលដែលភ្ញៀវឡើង/ចុះពីលើជណ្តើរ គឺតែងតែមានបុគ្គលិកសន្តិសុខ និងបុគ្គលិកបម្រើសេវាកម្មសង្កេត និងរំលឹកភ្ញៀវអំពីតំបន់ដែលបានអនុញ្ញាត និងដាក់កម្រិតសម្រាប់ហេតុផលសុវត្ថិភាព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



