នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២២ គេហទំព័រ Coconuts បានរាយការណ៍ថា ពិភពអនឡាញក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី នៅពេលនេះកំពុងផ្ទុះរញ្ជួយ ជាមួយរលករិះគន់ ជេរប្រទេចធ្ងន់ៗ ទៅលើស្រ្តីម្នាក់ដែលបានបើកបរខុសហើយ តែមិនទទួលស្គាល់កំហុសខ្លួន ហើយបែរជានៅធ្វើខ្លាំងដាក់រថយន្តទំនើបមួយគ្រឿង រេរាំងបង្កការកកស្ទះចរាចរណ៍ ស្ថិតនៅផ្លូវឆ្លងព្រំដែន (ចំណុចអន្តោប្រវេសន៍) នៃស្ពាន Tuas Second Link ដែលតភ្ជាប់រដ្ឋ Johor របស់ម៉ាឡេស៊ីជាមួយប្រទេសសិង្ហបុរី។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៩ ខែកក្កដា នៅលើស្ពានមួយខាងប្រទេសម៉ាឡេស៊ី ។ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស Iskandar Puteri និងវីដេអូ ហេតុការណ៍ហេតុនេះបានកើតឡើង គឺខណៈពេលរថយន្តជាច្រើនកំពុងកកស្ទះរង់ចាំឆ្លងកាត់អន្តោប្រវេសន៍ នៅពេលនោះរថយន្តទំនើប Toyota Alphard ពណ៌ខ្មៅ កំពុងបើកក្នុងគន្លងរបស់ខ្លួន។ ប៉ុន្តែ បន្ទាប់មកក៏មានរថយន្ត KIA ពណ៌ក្រហម ដែលស្ថិតនៅគម្លាតតូចខាងឆ្វេង បានព្យាយាមឡើងគន្លងស្តាំ ក៏បណ្តាលឱ្យប៉ះទង្គិតគ្នាតែម្តង។
បន្ទាប់បង្កការប៉ះទង្គិច ស្រ្តីជាម្ចាស់រថយន្ត KIA បានបើកកញ្ចក់រថយន្ត និងចាប់ផ្តើមទាញទូរស័ព្ទថតតែម្តង ទោះបីជាមានមនុស្សស្រែកដាក់ថា នាងឯងឆ្កួតក៏ដោយ និងសូម្បីគំរាមទូរស័ព្ទហៅប៉ូលិស ប៉ុន្តែ ស្ត្រីរូបនេះបានងក់ក្បាល Ok អត់បញ្ហា!!។
ស្រ្តីរូបនោះ បន្ទាប់មក ក៏បានចុះទៅពាំងពីមុខរថយន្តរេរាំងមិនឲ្យទៅ និងសូម្បីដកផ្លាកលេខរថយន្ត Alphard គ្រវាត់ចោល នៅចំពោះភ្នែកអ្នកបើកបរជាច្រើនទៀតផង។ ក្រោយមក គេក៏បានឃើញយុវជនម្នាក់ពាក់អាវពណ៌ខៀវ ដែលប្រហែលជាកូនស្រ្តីរូបនោះ បានចុះមកឆ្កាងដៃឆ្កាងជើងដ៏គួរឲ្យហួសចិត្ត។ ប៉ុន្តែ នៅទីបំផុត ទាំងម្តាយ និងកូនប្រុស បានប្រញាប់ត្រឡប់ទៅរថយន្តខ្លួនវិញ ដោយលើកបង្ហាញសញ្ញាកម្រាមដៃ និងឲ្យគូទដ៏ឈ្លើយ ខណៈម្ចាស់រថយន្តតូយ៉ូតា Alphard ចុះពីលើរថយន្តទៅរើសផ្លាកលេខ ដែលត្រូវបានស្រ្តីនោះទាញទម្លាក់លើផ្លូវ។
ប៉ូលីសបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតហេតុការណ៍នេះ។ អ្នកដែលមានទោសពីបទយាយី និងបង្កការខូចខាតដែលមានតម្លៃលើសពី 25 រីងហ្គីត (ប្រហែល ៥ ដុល្លារ) អាចប្រឈមនឹងការពិន័យ និងជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





