គិលានុបដ្ឋាយិកាជនជាតិហ្វីលីពីនរាប់លាននាក់ បានចូលរួមចំណែកក្នុងការផ្តល់សេវារបស់ពួកគេ ចំពោះមន្ទីរពេទ្យជាច្រើន នៅទូទាំងពិភពលោក ហើយខណៈពេលដែលវាជាការងារដែលរកប្រាក់ចំណូលបានច្រើន ដែលអនុញ្ញាតឲ្យពួកគេត្រូវផ្តល់ទៅឲ្យគ្រួសារនៅស្រុកកំណើតបានគួរឲ្យប្រសើរ ។ ប៉ុន្តែ គួរឲ្យសោកស្តាយ ដែលអ្នកកខ្លះមិនត្រូវបានគេចផុតពីការរំលោភបំពាន ដូចទៅនឹងពលករចំណាកស្រុកហ្វីលីពីនដទៃទៀតផងដែរ ។
ជាក់ស្តែង ថ្មីៗនេះ ក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ថា គិលានុបដ្ឋាយិកាហ្វីលីពីនម្នាក់ ដែលធ្វើការនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌី ត្រូវបានចាក់ប្រហារជាច្រើនកាំបិទ ដោយជនជាតិនៃប្រទេសនេះ បន្ទាប់ពីវីដេអូនៃហេតុការណ៍នេះ បានរីករាលដាលនៅលើបណ្តាញសង្គម ។
ជនរងគ្រោះមានឈ្មោះ Rolando Mina អាយុ ២៩ ឆ្នាំ រស់នៅក្នុងទីក្រុង Caloocan បានកំពុងធ្វើការងារនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមួយ និងនៅពេលនោះ ស្រាប់តែបុរសសូឌីម្នាក់អាយុ ២២ ឆ្នាំ បានដើរចូលមកប្រដាប់ដោយកាំបិតនៅនឹងដៃ និងធ្វើសកម្មភាពចាក់ប្រហារទៅលើគិលានុបដ្ឋយិកានោះ ដោយពុំនិយាយខុសត្រូវអ្វីមួយម៉ាត់ឡើយ ។
សមត្ថកិច្ចក្នុងប្រទេសនេះ បានឲ្យដឹងថា គិលានុបដ្ឋារងគ្រោះ លោក Mina ត្រូវបានចាក់ឲ្យរងរបួសនៅដៃរបស់គាត់ច្រើនកន្លែង ។ ប៉ុន្តបច្ចុប្បន្ននេះ គាត់កំពុងស្ថិតក្នុងសភាពមានស្ថេរភាព ។
ប្រមុខកិច្ចការសុខាភិបាល Madinah លោក Abdulhameed Al-Subhi បានប្រាប់សារព័ត៌មានថា ជនវាយប្រហារនោះអាចជាមនុស្សមានជំងឺផ្លូវចិត្ត ខណៈគ្រួសារជនដៃនេះក៏បាននិយាយយ៉ាងដូច្នេះដែរ ។
ទោះយ៉ាងណា ទង្វើរបស់បុរសនេះ ពុំអាចលើកលេងទោសឲ្យបានឡើយ ហើយរូបគេក៏ត្រូវបញ្ជូនទៅកាន់វិទ្យាស្ថានរោកផ្លូវចិត្ត និងមិនត្រូវបានដោះលែង រហូតបុរសនេះទទួលបានការស្តារនីតិសម្បទាឲ្យបានទូលំទូលាយ ៕ ចន្ទី