រាជធានីភ្នំពេញ៖ថ្ងៃចន្ទ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្មកម្ពុជាឥណ្ឌាបានឯកភាពរួមគ្នាចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីវេទិកាជំនួបពាណិជ្ជកម្មលើកទី៥ ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការសម្រាប់សមាហរណកម្មតំបន់” ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០១៨។
ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋឥណ្ឌា បានសហការគ្នារៀបចំវេទិកាជំនួបពាណិជ្ជកម្មលើកទី៥ ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការសម្រាប់សមាហរណកម្មតំបន់” ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០១៨។
វេទិកាជំនួបពាណិជ្ជកម្មនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានចូលរួមពី លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក Suresh Prabhu រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងអាកាសចរណ៍ស៊ីវិលឥណ្ឌា លោក Than Myint រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា លោក Cao Quoc Hung អនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Naushad Forbes ប្រធានសហព័ន្ធឧស្សាហកម្មឥណ្ឌា និង លោក Chandrajit Banerjee អគ្គនាយកសហព័ន្ធ ឧស្សាហកម្មឥណ្ឌា។ ក្រៅពីនេះ វេទិកានេះក៏មានការចូលរួមពីមន្ត្រី និងធុរជនជាន់ខ្ពស់មកពីបណ្ដាប្រទេសទាំងប្រាំ សរុបប្រមាណ ៤០០ នាក់។
ថ្លែងនៅក្នុងពិធីបើកវេទិកានេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរចំពោះក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា ដែលបានផ្ដួចផ្ដើមគំនិត និងសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងការរៀបចំវេទិកាជំនួបពាណិជ្ជកម្មនេះ។ “ខ្ញុំយល់ថា វេទិកាធុរកិច្ច India-CLMV នេះ ជាផែនការចង្អុលផ្លូវយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច រវាងឥណ្ឌា និងប្រទេស CLMV”លោកថ្លែងបញ្ជាក់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកជូនអង្គពិធីថា “ការអភិវឌ្ឍដ៏សំខាន់នៃសេដ្ឋកិច្ច-សង្គម ដ៏ធំធេង នៅកម្ពុជាសព្វថ្ងៃនេះ ក៏ដោយសារកម្ពុជា បានទទួលនូវសន្តិភាពពេញលេញ សន្តិសុខ សង្គម និងស្ថេរភាពនយោបាយ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ បានពុះពារកសាងជូនប្រទេសជាតិ”។ ក្រៅពីនេះទៀត លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យប្រទេស CLMV ប្រឹងប្រែងសហការជិតស្និទ្ធបន្ថែមទៀតជាមួយប្រទេសឥណ្ឌា ដើម្បីចាប់យកកាលានុវត្តភាពដែលមានយកមកអនុវត្តឲ្យអស់ពីសមត្ថភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងប្រទេសនីមួយៗ និងនៅក្នុងតំបន់។
ជាមួយនឹងសុន្ទរកថាដ៏មានតម្លៃរបស់ លោកឧបនាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងពិធីនោះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនឲ្យដឹងបន្ថែមទៀតថា ការរៀបចំជំនួបពាណិជ្ជកម្ម India-CLMV នេះ គឺមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឲ្យរឹតតែខ្លាំងបន្ថែមទៀត ដើម្បីជំរុញកំណើន និងពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ គំនិតផ្ដួចផ្ដើមនេះ ជាការចាប់ផ្ដើម ក្រោយពីបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងឥណ្ឌា និងអាស៊ានលើទំនិញក្នុងឆ្នាំ២០០៩ និងលើសេវាកម្ម និងវិនិយោគ ក្នុងឆ្នាំ២០១៤ ហើយជាលទ្ធផលនៃកិច្ចពិភាក្សាស៊ីជំរៅ តាមរយៈវេទិកានេះ ឃើញថាលំហូរនៃវិនិយោគបរទេសដោយផ្ទាល់ (FDI) ពីឥណ្ឌាមកអាស៊ាន បានកើនឡើងប្រមាណ ៩,៤ភាគរយ ពី ៩៦០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៥ មក ១,០៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦។ លោក បានបន្តមានប្រសាសន៍ថា ដោយសារចរន្តនៃការផ្លាស់ប្ដូររបត់ពាណិជ្ជកម្ម ឥណ្ឌា និងកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ធានាទប់ស្កាត់គោលនយោបាយ និងសកម្មភាពគាំពារនិយម ពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងលើកកម្ពស់អាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម វិស័យសុខាភិបាល កម្មន្តសាល កសិកម្ម កែច្នៃនៃចំណីអាហារ វាយនភ័ណ្ឌ ថាមពល ទេសចរណ៍ និងការអប់រំបន្ថែមទៀត។
លោក Suresh Prabhu រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងអាកាសចរណ៍ស៊ីវិលឥណ្ឌា បានលើកឡើងអំពីសក្ដានុពលនៃប្រទេស CLMV ដែលជាគោលដៅវិនិយោគមួយដ៏ធំរបស់ក្រុមហ៊ុនឥណ្ឌា។ ក្រៅពីនេះ លោក បានសង្កត់ធ្ងន់លើការងារមួយចំនួន ដែលឥណ្ឌាអាចរួមចំណែកក្នុងការជួយជ្រោមជ្រែង ដូចជាការ តភ្ជាប់ពាណិជ្ជកម្ម ការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងលើពិភពលោក ការអភិវឌ្ឍវិស័យ ឧស្សាហកម្ម ការកសាងសមត្ថភាព និងជំនាញ ដោយការងារទាំងនោះសុទ្ធតែជាការងារដែលឥណ្ឌា មានបទពិសោធន៍ស្រាប់។ លោក Naushad Forbes ប្រធានសហព័ន្ធឧស្សាហកម្មឥណ្ឌា បានគាំទ្រមតិរបស់ លោក Suresh Prabhu ដោយបន្ថែមទៀតថា ឥណ្ឌា និងប្រទេស CLMV អាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើវិស័យទេសចរណ៍ ដោយបង្កើតឲ្យមានការហោះហើរត្រង់ ផ្លាស់ប្ដូរបទពិសោធន៍ និងជំនាញលើវិស័យកែច្នៃនៃចំណីអាហារ កសិកម្ម។ លោកក៏បានបញ្ជាក់ថា ក្រុមហ៊ុនឥណ្ឌាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយជ្រោមជ្រែងការងារទាំងនោះ ហើយតាមរយៈកិច្ចសហការដ៏ជិតស្និតនៅពេលខាងមុខ លោកសង្ឃឹមថានឹងមានវត្តមានក្រុមហ៊ុនឥណ្ឌាច្រើនថែមទៀត មកធ្វើធុរកិច្ចនៅកម្ពុជា។
ក្នុងស្មារតីយោគយល់គ្នាខ្ពស់ រដ្ឋមន្ត្រីប្រទេសមីយ៉ាន់ម៉ា និងអនុរដ្ឋមន្ត្រីប្រទេសវៀតណាម ក៏បានឯកភាពលើចំណុចដែលបានលើកឡើងនៅក្នុងអង្គពិធីបើក ហើយប្រទេសទាំងប្រាំ បានតាំងចិត្តបន្តកិច្ចសហប្រតិបត្តិការល្អរវាងគ្នានិងគ្នាបន្តទៀត ដើម្បីទទួលយកនូវផលប្រយោជន៍រួម៕ ដោយ៖បញ្ញាស័ក្តិ