អ្នកបរិច្ចាគប្រាក់ឲ្យស្ត្រីអ្នកសុំទានពិការម្នាក់នៅលីបង់ បានភ្ញាក់ផ្អើលស្រឡាំងកាំង ពេលរកឃើញថា អ្នកស្រីមានប្រាក់ដ៏ច្រើនសន្ធឹកក្នុងធនាគារ ។
ប៉ូលិសរកឃើញថង់ ២ ពេញទៅដោយប្រាក់ ពេលកំពុងស៊ើបអង្កេតការស្លាប់របស់ស្ត្រីអ្នកសុំទាន Othman ។
ស្ត្រីអ្នកសុំទាន Fatima Othman អាយុ ៥២ ឆ្នាំ ទើបនឹងស្លាប់ដោយសារជំងឺបេះដូង នៅរដ្ឋធានីបៃរុត លីបង់ ។
ក្នុងអំឡុងពេលស៊ើបអង្កេតមរណភាពរបស់Othman ប៉ូលិសបានរកឃើញថា អ្នកស្រីមានថង់ប្រាក់ ២ សរុបជាង ៥ លាន លុយលីបង់ (ជាង ៣.០០០ដុល្លារ) ។
ប៉ុន្តែរឿងគួរឲ្យភ្ញាក់ផ្អើលបំផុតគឺអ្នកស្រីមានគណនីសន្សំមួយ នៅធនាគារតំបន់មានទឹកប្រាក់ដល់ទៅ ១,៧ ពាន់លានលុយលីបង់ (ជាង ១លាន ដុល្លារ) ។
អ្នកនាំពាក្យប៉ូលិស Josaph Musallem ឲ្យដឹងថា ពួកគេមិនសង្ស័យអ្វីអំពីមរណៈភាពរបស់អ្នកសុំទានវ័យ ៥២ ឆ្នាំ។ ប៉ុន្តែការរកឃើញសាច់ប្រាក់ និងគណនីសន្សំ “ជារឿងភ្ញាក់ផ្អើល ដ៏ធំ” ។
ប្រជាជាជនតំបន់ដែឡធ្លាប់បរិច្ចាគប្រាក់ និងអាហារឲ្យ Othman បានតក់ស្លុត ពេលដឹងព័ត៌មានអំពីចំនួនដ៏មហាសាលនេះ ។
ក្រោយការស្លាប់របស់ Othman ប៉ូលិសបានរកឃើញគ្រួសាររបស់អ្នកស្រីនៅភាគជើងលីបង់ ។ គ្រួសារបានមកទទួលសពអ្នកស្រីយកទៅបញ្ចុះ ។
Othman អាយុ ៥២ឆ្នាំ ស្លាប់ដោយសារជំងឺបេះដូង ។
គ្រួសារក៏មិនបានដឹងថា Othman មានដល់ថ្នាក់នេះ ។ ប្រភពព័ត៌មានឲ្យដឹងថា អ្នកស្រីខ្លាចត្រូវគេប្លន់ ហេតុនេះមិនហ៊ានបើកចំហទ្រព្យសម្បត្តិរបស់ខ្លួន ។
ប្រជាជនតំបន់ឲ្យដឹងថា Othman បាត់បង់ដៃ និង ជើងក្នុងសង្គ្រាមផ្ទៃក្នុងលីបង់ពីឆ្នាំ ១៩៧៥-១៩៩០ ៕ ចន្ទ្រា