បុរសម្នាក់គ្មានដៃរស់នៅ Haryana ប្រទេសឥណ្ឌា បានតស៊ូគ្រប់ឧបសគ្គដើម្បីក្លាយជាជាងដេរអាជីពម្នាក់ ។
លោក Madan Lal អាយុ ៤៥ឆ្នាំ គ្មានដៃតាំងពីកំណើត ប៉ុន្តែរៀនធ្វើអ្វីៗដោយជើងទាំងពីរ ប៉ុន្តែពេលនេះលោកបានប្រើជើងដ៏រស់រវើករបស់ខ្លួន ដើម្បីដេរបានសម្លៀកបំពាក់ដ៏ប្រណីត ។
Daily Mail បានដកស្រង់សម្តីលោក Madan ខ្ញុំធ្វើការងារទាំងអស់ដោយជើងទាំងគូរបស់ខ្ញុំតាំងពីការវាស់វែងកាត់ក្រណាត់ រហូតដល់ការដេរប៉ាក់ ។ ពិការភាពរបស់ខ្ញុំវាពុំបានរំខានជីវិតខ្ញុំតាំងពីតូចមកម្លេះ ។ កាលពីនៅតូច លោកយាយលោកតាខ្ញុំជាអ្នកមើលថែខ្ញុំ ។ ប៉ុន្តែអ្វីដែលខ្ញុំសោកស្តាយនោះ ដោយសារតែពេលនៅតូចសាលារៀនទាំងអស់ សុទ្ធសឹងបដិសេធមិនឲ្យខ្ញុំចូលរៀន -លោកពោលទាំងទឹកភ្នែករលីងរលោង ។ ពីនោះមកខ្ញុំពិតជាអស់សង្ឃឹម ប៉ុន្តែខ្ញុំចិញ្ចឹមចិត្តមួយថា ខ្ញុំនឹងបញ្ជាក់ប្រាប់ពួកគេឲ្យឃើញថា ខ្ញុំមិនមែនជាមនុស្សមិនបានការឡើយ ។ ហេតុតែគ្រួសារខ្ញុំក្រីក្រ ខ្ញុំត្រូវធ្វើអ្វីមួយដើម្បីចិញ្ចឹមជីវិតខ្លួនឯង ។
រហូតអាយុ ២៣ ឆ្នាំ Madan សម្រេចរៀនកាត់ដេរ ការលំបាកពិតជាមានច្រើនណាស់ ប៉ុន្តែលោកពុំព្រមចុះញ៉មឡើយ ដំបូងក្នុងដំណើរស្វែងរកអ្នកបង្រៀនកាត់ដេរសម្លៀកបំពាក់ ពួកគេសុទ្ធសឹងតែសើចពេបជ្រាយ ហើយនិយាយថា គ្មានអ្នកណាអាចដេរខោអាវបានដោយមិនប្រើដៃនោះទេ ។
លោកទៅកាន់ Fatehabad ហើយនៅទីនោះមានលោកគ្រូម្នាក់បានទុកឱកាសឲ្យខ្ញុំបង្ហាញសមត្ថភាពប្រើឧបករណ៍កាត់ដេរ ១៥ ថ្ងៃ មិនដល់ ១៥ថ្ងៃផង គ្រូរបស់ខ្ញុំនិយាយថា ខ្ញុំពិតជាអាចធ្វើបាន ។
លោក Madan រៀនបច្ចេកទេសកាត់ដេរអស់រយៈពេល ១ឆ្នាំ រួចបានវិលត្រឡប់មកស្រុកកំណើតដើម្បីបើកហាងកាត់ដេរ ។ លោកពោលថា ៖ ថ្ងៃសម្ភោធហាងគឺជាថ្ងៃល្អបំផុតក្នុងជីវិតខ្ញុំ អ្នកភូមិទាំងមូលនាំគ្នាមកជូនពរខ្ញុំ ។ ដំបូងឡើយធម្មតាទេអ្នកផងពុំជឿលើជំនាញរបស់ខ្ញុំ ប៉ុន្តែបន្តិចម្តងៗ ខ្ញុំត្រូវបានមនុស្សទាំងឡាយជឿទុកចិត្ត ហើយត្រូវកាត់ដេរសម្លៀកបំពាក់រកពេលសម្រាកស្ទើរគ្មាន៕ ចន្ទ្រា