តាម Yonhap រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក Steven Mnuchin នៅថ្ងៃទី ២១ ខែឧសភា ឲ្យដឹងថា ប្រធានាធិបតីអាមេរិកដូលណាល់ត្រាំ មិនផ្លាស់ប្តូរគោលបំណងរបស់លោកអំពីជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម នៅខែក្រោយនេះទេ ។
លោកត្រាំ និងលោកគីម មានគំរោងជួបគ្នានៅសិង្ហបុរីនៅថ្ងៃទី ១២ ខែមិថុនា ប៉ុន្តែរដ្ឋការកូរ៉េខាងជើងបានគំរាមលុបចោលជំនួបនេះ ប្រសិនបើអាមេរិកបន្តសំណូមពរឲ្យរំសាយនុយកក្លេអ៊ែរជាឯកតោភាគី ។
លោក Mnuchin លើកឡើងច្បាស់ថា ៖ “ខ្ញុំមិនគិតថា ប្រធានាធិបតីត្រាំ ភ័យខ្លាចរឿងអ្វីទាំងអស់ ។ ហេតុនេះខ្ញុំចាត់ទុកថា អ្វីដែលប្រធានាធិបតីបាននិយាយនោះជំនួបនេះនៅតែបន្តដំណើរការ ហើយប្រសិនបើមានការប្រែប្រួលអ្នកនឹងពិនិត្យឃើញរឿងនេះភ្លាម” ។
ប្រធានាធិបតីត្រាំមានគម្រោងនឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នៅថ្ងៃទី ២២ ខែឧសភា នៅសេតវិមានដើម្បីពិភាក្សាអំពីបណ្តាយុទ្ធសាស្ត្ររបស់ពួកគេទាក់ទិនដល់យុទ្ធសាស្ត្ររបស់ពួកគេក្នុងជំនួបកំពូលអាមេរិក-កូរ៉េខាងជើងខាងមុខនេះ ។
ក្នុងបរិបទមួយទៀត នៅថ្ងៃទី ២១ ខែឧសភា ម្សិលមិញនេះ អនុប្រធានាធិបតីអាមេរិក Mike Pence ឲ្យដឹងថា កូរ៉េខាងជើងពុំគប្បីស្វែងរកសម្បទានពីអាមេរិកចំពោះពាក្យសន្យាទាំងឡាយរបស់ពួកគេ ហើយដែលពួកគេគ្មានបំណងគោរពនោះឡើយ -នេះបើតាម Reuter ។
ក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News លោក Pence និយាយថា ៖ “វានឹងជាកំហុសឆ្គងយ៉ាងធំ ប្រសិនបើលោកគីម ជុងអ៊ុន គិតថា លោកអាចឆ្លៀតឱកាសប្រើប្រាស់ប្រធានាធិបតីដូណាល់ត្រាំ” ។ នៅពេលគេសួរថា តើលោកត្រាំអាចមានលទ្ធភាពបោះបង់ចោលសន្និសីទកំពូលជាមួយកូរ៉េខាងជើងដែរឬទេ ? លោក Pence ឆ្លើយថា ៖ “គ្មានអ្វីត្រូវជជែកអំពីរឿងនេះទេ” ៕ សូយន