អាល្លឺម៉ង់ កំពុងមានការព្រួយបារម្ភថានឹងពើបប្រទះការលំបាក ក្នុងការការពារបណ្តាក្រុមហ៊ុនរបស់ខ្លួនដែលកំពុងសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ ផ្តើមចេញពីការដែលអាមេរិកដកថយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ ចុះហត្ថលេខានៅឆ្នាំ ២០១៥ លើសពីនោះទៀតគឺមានព័ត៌មានថា ក្រុងវ៉ាស៊ីនតោន អាចដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុនទាំងឡាយនៅទ្វីបអឺរ៉ុប ដែលធ្វើជំនួញជាមួយអ៊ីរ៉ង់។
ក្រៅពីនោះបណ្តាក្រុមហ៊ុនអាល្លឺម៉ង់នៅត្រូវប្រឈមមុខនឹងការតម្លើងពន្ធដែកថែប ២៥% និង អាលុយមីញ៉ូម ១០% ដែលនាំចូលទៅទីផ្សារអាមេរិកកាលពីខែមីនា។ ទោះបីជាសហគមន៍ អឺរ៉ុប (EU) ទទួលបានអាទិភាពពន្យារពេលកម្រិតពន្ធថ្មីនេះ ពីថ្ងៃទី ០១ ខែមិថុនា ក្តី ។ Reuter បានដកស្រង់សម្តីរបស់ប្រធានសម្ព័ន្ធសមាគមឧស្សាហពាណិជ្ជកម្មអាល្លឺម៉ង់ Eric Schweitzer បានវាយតម្លៃថា ៖ “មុនគេគឺប្រទេសអាមេរិក ពីថ្ងៃមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រដៀង នឹងមានតែប្រទេសអាមេរិកប៉ុណ្ណោះ ប្រការនេះពិតជាធ្វើឲ្យបណ្តាក្រុមហ៊ុនអាល្លឺម៉ង់ ខ្វាយខ្វល់” ។
នៅខែមករា ប្រធានាធិបតីត្រាំតែងអះអាងជារឿយៗថា “មុនដំបូងគឺប្រទេសអាមេរិក” ប៉ុន្តែលោកក៏បានពន្យល់ច្បាស់លាស់ផងដែរថា ៖ “មុនគេប្រទេសអាមេរិក ពុំមានន័យថា មានតែប្រទេសអាមេរិកមួយប៉ុណ្ណោះទេ ។ ពេលដែលអាមេរិករីកចម្រើននោះពិភពលោកក៏ដូចគ្នាដែរ” ។
អាល្លឺម៉ង់ គឺជាប្រទេសនាំទំនិញចេញធំបំផុតក្នុងសហគមន៍អឺរ៉ុប ហើយក៏ជាដៃគូពាណិជ្ជកម្មដំបូងបង្អស់របស់អាមេរិកផងដែរ ៕ សូយន