តាកែវ ៖ បន្លែស្ពៃក្តោបត្រូវបានមន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តតាកែវហាមឃាត់មិនអោយនាំចូលមកលក់នៅក្នុងទីផ្សារកម្ពុជា បន្ទាប់ពីរក្រុមមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យលើបន្លែផ្លៃឈើចំនួន ២៥មុខ ក្នុងរថយន្តចល័ត នៅច្រកទ្វារអន្តរជាតិទ្វេភាគីភ្នំដិន កម្ពុជា វៀតណាម ឋិតនៅក្នុងស្រុកគីរិវង់ ខេត្តតាកែវ នារសៀលថ្ងៃទី ២១ ឧសភា ២០១៨នេះ បានរកឃើញថា បន្លែផ្លែឈើទាំង ២៥មុខនោះ ក្នុងនោះមានបន្លែស្ពៃក្តោបមួយមុខ មានផ្ទុកនូវកាកសំណល់ជីកសិកម្ម ហើយបន្ទាប់ពីរកឃើញនៅការសំណល់ជីកសិកម្មនេះដែរ គឺមន្ត្រីជំនាញបានហាមឃាត់បិទមិនអោយបន្លែប្រភេទស្ពៃក្តោបនេះចូលមកចរាចរណ៏លក់នៅក្នុងទីផ្សារកម្ពុជានោះទេ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងប្រាប់ក្រុមអ្នកសារពត័មានអោយដឹងនៅល្ងាចនេះថា ចំពោះការរកឃើញនៅប្រភេទបន្លែស្ពៃក្តោបដែលមានផ្ទុកនៅកាកសំណល់ជីកសិកម្មនេះ គឺមន្ត្រីជំនាញយើងមានវិធានការ គឺទប់ស្កាត់មិនអោយមានវត្តមានប្រភេទបន្លែស្ពៃក្តោបដែលនាំចូលពីប្រទេសជិតខាងនោះមកលក់នៅលើទីផ្សារនៅក្នុងស្រុកនោះទេ ជៀសវាងមានបងប្អូនប្រជាពលរដ្ឋបរិភោគធ្វើអោយប៉ះពាល់ដល់សុខភាព។ ក៏ប៉ុន្តែបើសិនជាមានការនាំចូលនៅប្រភេទបន្លែស្ពៃក្តោបនោះឡើងវិញ លុះត្រាតែម្ចាស់អាជីវករទាំងនោះ មានលិខិតបញ្ជាក់ពីមន្ត្រីជំនាញខាងប្រទេសវៀតណាម រួចមន្ត្រីជំនាញកាំកុងត្រូលរបស់យើងនិងយកមកពិនិត្យសារជាថ្មី ថាមានឬមិនមានផ្ទុកនូវកាកសំណល់ជីកសិកម្មនោះទៀត ទើបអនុញ្ញាតអោយនាំចូលមកលក់នៅលើទីផ្សារក្នុងស្រុកវិញ ។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៧ មន្ត្រីជំនាញសាខាកាំកុងត្រូលធ្លាប់បានរកឃើញ ប្រភេទបន្លែចំនួន ៣មុខ ដែលមានផ្ទុកនៅកាកសំណល់ជីកសិកម្មនេះដែរ ក្នុងនោះរួមមាន កញ្ឆាយ ស្លឹកខ្ទឹម និងម្ទេស ក្នុងនោះមន្ត្រីជំនាញក៏បានធ្វើការហាមឃាត់មិនអោយមានការនាំចូលប្រភេទបន្លែទាំងបីមុខនោះមកលក់ក្នុងទីផ្សារ រហូតទាល់តែមានលិខិតបញ្ជាក់ពីមន្ត្រីជំនាញរបស់ប្រទេសវៀតណាម ទើបយើងយកមកពិនិត្យសាកឡើងវិញទើបអនុញ្ញាតអោយនាំចូល ៕ តាកែវ