នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ គេហទំព័រ Sinchew បានបង្ហាញឱ្យដឹងថា នារីម្នាក់ដែលមានគណនី TikTok @cndyynsd មកពីប្រទេសឥណ្ឌូនេស៊ី បានចែករំលែកវីដេអូឃ្លីបចែករំលែកបទពិសោធន៍ស្នេហារបស់នាង ដោយបានរៀបរាប់ថា នាងនិងមិត្តប្រុសបានទាក់ទងគ្នារហូតដល់រៀបការ។ នាងពិតជាសប្បាយចិត្តណាស់ដែលបានរៀបការ និងក៏បានបង្ហាញសំបុត្រអាពាហ៍ពិពាហ៍រួមជាមួយរូបថតរបស់នាងនិងស្វាមី តាំងពីពេលនៅជាមួយគ្នា រហូតដល់រៀបការយ៉ាងមានសុភមង្គល។
ក្នុងនោះ បាននិយាយថា៖ «ខ្ញុំធ្លាប់ឃើញមនុស្សជំនាន់មុនរៀបការដោយមានសុភមង្គល ឥឡូវនេះ ខ្ញុំសប្បាយចិត្តព្រោះខ្ញុំបានរៀបការជាមួយមនុស្សដែលខ្ញុំស្រលាញ់»។
តែទោះជាយ៉ាងណា អាពាហ៍ពិពាហ៍របស់នាងមិនមែនជាការបញ្ចប់ជីវិតស្នេហាដ៏ស្រស់បំព្រងនោះទេ។ ព្រោះថា បន្ទាប់ពីរៀបការរួច ប្តីរបស់នាងមិនដែលមានទំនាក់ទំនងផ្លូវភេទជាមួយនាងសូម្បីតែម្តង។ ដំបូងនាងព្យាយាមយល់ និងគិតថា គាត់ប្រហែលជាមិនទាន់រៀបចំខ្លួន ឬចង់គោរព និងស្រលាញ់នាង ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺអារម្មណ៍របស់គាត់បែរជាបានផ្លាស់ប្តូរ។
នារីរូបនេះបានបញ្ជាក់ថា៖ «រឿងជាច្រើនដែលខ្ញុំមិននឹកស្មានដល់ បានកើតឡើង បន្ទាប់ពីរៀបការ គឺគាត់មិនដែលប៉ះខ្ញុំទេ។ តាំងពីរៀបការហើយ ខ្ញុំមិនដែលមានគ្មានកំហុសអ្វីនោះទេ ប៉ុន្តែលទ្ធផលស្ទើរថ្លើមក្ឌុកនោះ គឺបង្ហាញថា គាត់មិនស្រលាញ់ខ្ញុំទេ» ។
នាងបាននិយាយថា នាងមានអារម្មណ៍ថា ស្ពឹកមុខដូចត្រូវគេទះ។ ពិភពលោករបស់នាងបានដួលរលំ។ ជាងនេះទៅទៀត នៅពេលដែលនាងបានទៅជម្រះចិត្តជាមួយស្វាមី ហើយបាននិយាយថា នាងនឹងព្យាយាមទទួលយកស្ថានការណ៍នេះ ប៉ុន្តែប្តីរបស់នាងទទូចចង់ដើរចាកចេញ ហើយទីបំផុតបានកាត់ផ្តាច់ទំនាក់ទំនងពីនាងតែម្តង។
ដោយសារតែរឿងនេះ បានធ្វើឲ្យនាងខូចចិត្តយ៉ាងខ្លាំងរហូតគិតចង់បញ្ចប់ជីវិតខ្លួនឯង។ នាងបាននិយាយថា “ខ្ញុំមិនដែលគិតថា រឿងនេះនឹងកើតឡើងក្នុងជីវិតរបស់ខ្ញុំសោះឡើយ។ ពេលនោះខ្ញុំគិតថាលាពិភពលោក ប៉ុន្តែគ្រួសារ ឪពុកម្តាយ និងមិត្តភ័ក្តិ បានផ្តល់កម្លាំងចិត្តដល់ខ្ញុំច្រើនណាស់»។
តែទោះជាយ៉ាងណា ទីបំផុតនាងបានបញ្ចេញរូបថតនៃឯកសារលែងលះ ចុះថ្ងៃទី៤ កក្កដា រួមជាមួយសារយ៉ាងខ្លីថា «គ្រប់យ៉ាង ចប់ហើយ…»។
រឿងរ៉ាវរបស់នាង ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស បន្ទាប់ត្រូវបានគេចែកចាយលើបណ្ដាញសង្គមដោយមានអ្នកចូលមើលជាង២លានដង ជាមួយមតិរិះគន់ទៅលើទង្វើរបស់បុរសម្នាក់នោះ ដែលគួរឲ្យស្អប់យ៉ាងខ្លាំង។ តែទោះជាយ៉ាងណា ក្នុងពេលជាមួយគ្នានេះ គេក៏បានលើកទឹកចិត្តនាង និងជូនពរនាងឱ្យនៅតែជឿជាក់លើស្នេហា ហើយសង្ឃឹមថា នាងនឹងស្វែងរកមនុស្សល្អជាងនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


