ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានបញ្ជាក់ថា ការបង្កើនសមត្ថភាពមន្ត្រីគយ មានសមត្ថកិច្ចលើការងារចំណាត់ថ្នាក់ទំនិញ និងការបង្កើតមន្ទីរពិសោធន៍គយ ពិតជាបានរួមចំណែក យ៉ាងសំខាន់ក្នុងការពង្រឹង ប្រសិទ្ធភាពការប្រមូលចំណូល របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ មានប្រារព្ធពិធីបើកសិក្ខាសាលាស្តីពីមន្ទីរពិសោធន៍គយ និងការធ្វើចំណាត់ថ្នាក់ទំនិញរបស់អង្គការគយពិភពលោក ក្រោមអធិបតីភាព លោក នួន ច័ន្ធរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងដោយមានការចូលរួមពីលោក Kaoru OMOTO អ្នកជំនាញការផ្នែកការចំណាត់ថ្នាក់ទំនិញ និងមន្ទីរពិសោធន៍គយនៃអង្គការគយពិភពលោក លោក Takahiro TAKAHASI អ្នកជំនាញការនៃមន្ទីរពិសោធន៍គយជប៉ុន លោក Ken OKAMOTO អ្នកគីមីវិទ្យានៃមន្ទីរពិសោធន៍គយជប៉ុន និងមន្ត្រីគយនិងដ្ឋាករនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
លោក នួន ច័ន្ធរិទ្ធ បានថ្លែងថា សិក្ខាសាលានេះ មានរយៈពេលប្រាំថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយអង្គការគយពិភពលោក ក្នុងគោលបំណងបង្កើនសមត្ថភាពដល់មន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លើការងារចំណាត់ថ្នាក់ទំនិញ និងការរៀបចំគម្រោងបង្កើតមន្ទីរពិសោធន៍គយនៅកម្ពុជា នាពេលអនាគត។ គួរបញ្ជាក់ថា សិក្ខាសាលានេះគឺជាផ្នែកសំខាន់មួយនៃជំនួយបច្ចេកទេសដល់ប្រទេសជាសមាជិក ក្នុងការអនុវត្តគោលនយោបាយកៀរគរចំណូលដំណាក់កាលទី៣ (Revenue Package Phase III) របស់អង្គការគយពិភពលោក។
ក្នុងសុន្ទរកថាបើក លោក នួន ច័ន្ធរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងអំណរគុណដល់អង្គការគយពិភពលោកដែលបានឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់កម្ពុជា ដោយបានផ្តល់ជំនួយបច្ចេកទេសក្នុងពេលដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងត្រូវការទាំងធនធានមនុស្សនិងធនធានស្ថាប័ន ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាស្ថាប័នទំនើបប្រកបដោយវិជ្ជាជីវៈ ស្របតាមការវិវដ្តដ៏ឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់និងពិភពលោក។
លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរពីតួនាទីសំខាន់របស់រដ្ឋបាលគយក្នុងការប្រមូលចំណូលសម្រាប់ថវិកាជាតិ ដែលបានចូលរួមចំណែកមួយភាគធំនៃចំណូលសារពើពន្ធសរុប។ ការបង្កើនសមត្ថភាពមន្ត្រីគយមានសមត្ថកិច្ចលើការងារចំណាត់ថ្នាក់ទំនិញ និងការបង្កើតមន្ទីរពិសោធន៍គយ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបន្តស្ថិតនៅជាការងារអាទិភាពរបស់អគ្គនាយកដ្ឋាន។
ទន្ទឹមនេះ លោកក៏បានលើកឡើងផងដែរថា សិក្ខាសាលានេះ គឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ ដើម្បីបានស្វែងយល់ និងបង្កើនចំណេះដឹង តាមរយៈការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ដោយផ្ទាល់ជាមួយក្រុមជំនាញការ របស់អង្គការគយពិភពលោក៕ ដោយ៖បញ្ញាស័ក្តិ