តាម Reuter ដែលដកស្រង់សំណេររបស់ប្រធានាធិបតីអាមេរិក សរសេរលើបណ្តាញសង្គម Twitter ថា “ចិនចាំបាច់ត្រូវបន្តភាពតឹងរឹង ហើយរឹតបន្តឹងព្រំដែនជាមួយកូរ៉េខាងជើង រហូតដល់ មានកិច្ចព្រមព្រៀងមួយត្រូវបានឯកភាព ។ មេដឹកនាំសេតវិមានឲ្យដឹងថា លោកចង់ឲ្យការបើកព្រំដែនប្រព្រឹត្តទៅ ព្រមទាំងចង់ឲ្យកូរ៉េខាងជើងទទួលបានជោគជ័យ “ប៉ុន្តែអ្វីៗស្ថិតនៅបន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា” ។
គួររំលឹកថា កាលពីសប្តាហ៍មុនកូរ៉េខាងជើងបានគំរាមលុបចោលជំនួបកំពូល ក្រោមហេតុផលថា ប្រសិនបើ ក្រុងវ៉ាស៊ីនតោនបន្តបង្កសម្ពាធបង្ខំឲ្យក្រុងព្យុងយ៉ាងរំសាយនុយក្លេអ៊ែរជាឯកតោភាគី និងលក្ខខណ្ឌ។
ជាការឆ្លើយតបប្រធានាធិបតីត្រាំ បានធានាថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងទទួលបានការការពារ ដែលជាថ្នូរមួយផ្នែកចែងក្នុងកិច្ចព្រមព្រៀង ប្រសិនបើវាជោគជ័យនោះ ។
កាលពីសប្តាហ៍មុន លោកត្រាំ បានពោលទៅកាន់អ្នកកាសែតនៅសេតវិមាន អំពីលទ្ធភាពដែលលោកគីម បានរងឥទ្ធិពលពីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តសំខាន់របស់ក្រុងព្យុងយ៉ាង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង បានទៅទស្សនកិច្ចប្រទេសចិនពីរលើក ក្នុងកំឡុងពេលថ្មីៗនេះ ៕ សូយន