Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែ​មេសា ពន្ធដារ ប្រមូល​ពន្ធ​បាន​ជាង​១៤៨​លាន​ដុល្លារ កើនឡើង​១៧​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​មុន​

​ភ្នំពេញ​៖ ក្នុង​ខែ​មេសា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដា​រ ទទួលបាន​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​ប្រមូលបាន តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ Online បាន​ប្រមាណ​ជា​១៤៨​លាន​ដុល្លារ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​កើនឡើង​ប្រមាណ ១៧​លាន​ដុល្លារ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​មេសា ឆ្នាំ​២០១៨ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​របស់ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយ​មាន​ការចូលរួម​របស់​អគ្គនាយករង លោក​ប្រធាន​-​អនុប្រធាននាយកដ្ឋាន សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ និង​មន្ត្រីរាជការ​ពន្ធដារ ពាក់ព័ន្ធ​ទាំងអស់​ក្រោម ចំណុះ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​។​

​លោក គង់ វិបុល បានបង្ហាញ​ថា ក្នុង​ខែ​មេសា ឆ្នាំ​២០១៨​នេះ លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​របស់ អគ្គនាយកដ្ឋាន​ពន្ធដា​រ ទទួលបាន​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​ប្រមូលបាន (​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ Online របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​) មាន​ចំនួន ៥៩២,៧១​ពាន់​លាន​រៀល (​ប្រមាណ​ជា​១៤៨,១៧​លាន​ដុល្លារ​អាមេរិក​) ស្នើ​នឹង​៧,៧​ភាគរយ នៃ​ផែនការ​ច្បាប់​។ ប្រសិនបើ​ប្រៀបធៀប​ទៅ​នឹង​ចំណូល​ខែ​មេសា ឆ្នាំ​២០១៧ (​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ Online) ឃើញថា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ក្នុង​ខែ​មេសា ឆ្នាំ​២០១៨ កើនឡើង​ចំនួន ៧០,៧២​ពាន់​លាន​រៀល (​ប្រមាណ ១៧,៦៨ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ១៣,៥៥​ភាគរយ​។​


​សរុប​៤​ខែ​ដើមឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ប្រមូល​បាន​សរុប​មាន​ចំនួន ៣.៦៣៨,៣១​ពាន់​លាន​រៀល (​ប្រមាណ​៩០៩,៥៧​លាន​ដុល្លារ​អាមេរិក​) ប្រមាណ​ជា ៤៧,២៩​ភាគរយ នៃ​ផែនការ​កំណត់ដោយ​ច្បាប់​។ ប្រសិនបើ​ប្រៀបធៀប​នឹង ៤​ខែ​ដើមឆ្នាំ​២០១៧ ឃើញ​ថា​ការប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ (​តាម​ប្រព័ន្ធ​អន​ឡាញ​) ក្នុង​៤​ខែ ឆ្នាំ​២០១៨ កើនឡើង ចំនួន ៣៨៩,៩៦​ពាន់​លាន​រៀល (​ប្រមាណ ៩៧,៤៩​លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​១២,០១​ភាគរយ​។​

​ទន្ទឹមនឹងនេះ​លោក​ប្រតិភូ​រាជរដ្ឋាភិបាល បាន​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវ​មាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ ក្នុង​ការឆ្លើយតប​ទៅ​កាន់​អ្នក​ជាប់ពន្ធ សំដៅ​ឱ្យ​ពួកគាត់​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធ​គ្រប់ៗ​គ្នា ធ្វើ​យ៉ាងណា​កាត់បន្ថយ​ជា​អតិបរមា​ឬ​មិន​ឱ្យ​អ្នក​ជាប់ពន្ធ​មានការ​រអ៊ូរទាំ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុងការ​បង់ពន្ធ​ជូន​ប្រជាពលរដ្ឋ​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ដូចខាងក្រោម​៖​បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត សម្រាប់​ឆ្នាំ​ចុងក្រោយ​នេះ នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យមរ​បស់​រាជរដ្ឋាភិបាល ឆ្នាំ​២០១៤-២០១៨​។​ប្រកាស ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​តាមដាន​ឯកសារ (Document Tracking System) ទូ​ទាំង​គ្រប់​អង្គភាព​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​គោលដៅ​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​ជូន​អ្នក​ជាប់ពន្ធ ដោយ​ផ្តល់​លទ្ធភាព​ឱ្យ​អ្នក​ជាប់ពន្ធ​អាច​ដឹង​ពី​ស្ថានភាព នៃ​ឯកសារ​ដែល​ពួកគាត់​បាន​ដាក់​ចូល​មក​អគ្គនាយកដ្ឋាន​ពន្ធដា​រ​។​


​បន្ត​ពង្រឹង​ការចុះបញ្ជី​ពន្ធដារ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​បន្ត​ពង្រឹង​និង​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការ​ទប់ស្កាត់​ការផ្ទេរ​ថ្លៃ ដោយ​ពង្រឹង​ការអនុវត្ត​វិធាន​និង​នីតិវិធី​សម្រាប់​បែងចែក​ចំណូល និង​ចំណាយ​ក្នុង​កិច្ចប្រតិបត្តិការ​អាជីវ​កម្ម ក្នុងចំណោម​បុគ្គល​ទាក់ទិន​។​បន្ត​ពង្រឹង​ចាត់​វិធានការ​ចំពោះ​ការ​គេចវេះ​ពន្ធ​គ្រប់​រូបភាព ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​កំណត់​ពន្ធ ចំពោះ​ក្រុមហ៊ុន​ដែល​ប្រកាស​បង់ពន្ធ​មិន​ស្មោះត្រង់ ឬ​គេចវេះ​ពន្ធ​តាម​គ្រប់​រូបភាព ពង្រឹង​ការចាត់ចែង​លិខិត​ប្រកាស និង​ការពង្រឹង​បន្ថែមទៀត​លើ​ការ​កាត់កង ឥណទាន​អាក​រលើ​តម្លៃ​បន្ថែម VAT Cross Check​។​បន្ត​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដោយ​អភិវឌ្ឍ​គ្រប់គ្រង​ការប្រមូល​ពន្ធ តាម​បច្ចេកវិទ្យា​ព័ត៌មាន​។ ពង្រឹង​ការគ្រប់គ្រង​ប្រមូល​បំណុល​ពន្ធ ដែល​នៅ​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ និង​ពង្រឹង​ការយកចិត្តទុកដាក់​ពង្រឹង​ការធ្វើ​សវនកម្ម ចំពោះ​សហគ្រាស​ធំៗ ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការបាត់បង់​ចំណូល​ពន្ធ ដោយសារ​តែ​ប្រកាស​បង់ពន្ធ​ក្នុង​កម្រិត​ទាប មិន​ឆ្លើយតប​នឹង​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន ឬ​ប្រកាស​ខាត​ជាច្រើន​ឆ្នាំ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×