ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨មានមនុស្ស៣៣នាក់បានស្លាប់ និងគោ-ក្របីអ្នកស្រុក៤០ក្បាលបានងាប់ ដោយសាររន្ទះបាញ់ នៅដើមរដូវវស្សាឆ្នាំ២០១៨នេះ ។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ដើមរដូវវស្សាឆ្នាំនេះ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្ត្រាក់ ធ្វើឲ្យរលំ និងខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរចំនួន៨០៦ខ្នង និងមានរន្ទះបាញ់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន៣៣នាក់ ក្នុងនោះស្រី៨នាក់ របួស២៤នាក់ និងងាប់គោ-ក្របីចំនួន៤០ក្បាល។
លោក កែវ វី បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ខ្យល់កន្ត្រាក់កើតមាន៣៩លើក នៅមូលដ្ឋានខេត្តចំនួន១៦ ការខូចខាតមានផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន២៥២ខ្នង ផ្ទះដែលរបើកដំបូល និងខូចខាតមធ្យមចំនួន៥៥៤ខ្នង សរុប៨០៦ខ្នង ខូចដំបូលសាលារៀន៤អគារ និងអគារផ្សេងៗ២អគារ ប្រជាពលរដ្ឋស្លាប់ម្នាក់ និងរងគ្រោះ១៧នាក់។មានផលប៉ះពាល់ខ្លាំងនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានរហូតដល់៧០០ហិកតា ដែលបណ្តាលមកពីទឹកភ្លៀង៕ ដោយ៖បញ្ញាស័ក្តិ