ព្រះវិហារ ៖ ជនសង្ស័យម្នាក់ដែលរំលោភសម្លាប់ប្រពន្ធគេ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានផឹកស្រាស្រវឹង ហើយបានឡើងទៅលើផ្ទះជនរងគ្រោះ ក្នុងបំណងសុំនាងរួមភេទ តែនាងមិនព្រមនិងស្រែកឱ្យគេជួយ ទាញយកកាំបិតមកកាប់ស្លាប់ក្នុងថ្លុកឈាម។
ឃាតកររូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីឡើងទៅប្រុងរំលោភប្រពន្ធគេ ហើយកាប់សម្លាប់ស្ត្រីរងគ្រោះ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅម៉ោង១១ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឲ្យដឹងថា ឃាតករឈ្មោះ គង់ ធី ហៅ អ៊ឹម ធី អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ យ៉ាន ចិន្ថា ហៅ ឌូ អាយុ៣០ឆ្នាំ មុខរបរមេផ្ទះស្នាក់នៅ ភូមិឃុំជាមួយគ្នា ដែលហេតុការណ៍ចាប់រំលោភនិងសម្លាប់នេះ នៅម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្ទះជនរងគ្រោះភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថ ជនសង្ស័យជាឃាតករឈ្មោះ គង់ ធី បានសារភាពថា នៅយប់កើតហេតុខ្លួន បានផឹកស្រាស្រវឹងហើយនឹងឃើញចង់រួមភេទ ក៏បានឡើងទៅលើផ្ទះជនរងគ្រោះដើម្បីចង់រួមភេទជាមួយនាង ខណៈពេលដែលដឹងថាប្តីស្ត្រីជនរងគ្រោះមិននៅផ្ទះនោះ។ ជនសង្ស័យបានបញ្ជាក់ថា “ខ្លួនបានឡើងទៅដល់លើផ្ទះស្ត្រីរងគ្រោះ ហើយបាននិយាយលួងលោមនិងសុំនាងរួមភេទ តែដោយសារនាងមិនព្រមនិងស្រែកហៅអ្នកជិតខាងឱ្យជួយអន្តរាគមន៍ ហើយពេលនោះ ខ្ញុំខឹង ស្ទុះទៅទាញយកកាំបិត មកកាប់មកលើជនរងគ្រោះ បណ្តាលឲ្យស្លាប់តែម្តង”។
សមត្ថកិច្ច បានឱ្យដឹងថា លុះមកដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យខាងលើ ត្រូវបានកំលាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានតែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកំលាំងកងរាជអាវុធហត្ថឃុំខ្លួនបណ្តោះអាសន្ន នៅស្នាក់ការសន្តិសុខអាវុធហត្ថភូមិធម្មជាតិសម្តេចតេជោ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕ ដោយ៖បញ្ញាស័ក្តិ