ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដេប៉ាតឺម៉ង់ចិត្ដវិទ្យានៃសាកលវិទ្យាល័យភូមិភ្នំពេញ បានរួមគ្នាចេញរបាយការណ៍ដោយបានគាំទ្ររាជរដ្ឋាភិបាលក្នុងការដំឡើងពន្ធបារី ដើម្បីកាត់បន្ថយហានីភ័យសុខភាព ។ ថ្នាំជក់ គឺជាផលិតតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្ដាលស្លាប់មុនអាយុកំណត់។ ក្នុងមួយឆ្នាំៗថ្នាំជក់បណ្ដាលឲ្យប្រជាពលរដ្ឋ៨លាននាក់ស្លាប់ នៅលើពិភពលោក និងជិត១ម៉ឺននាក់នៅកម្ពុជា ។
ក្នុងពិធីផ្សព្វផ្សាយបង្ហាញលទ្ធផលលទ្ធផលនៃការវាសស្ទង់មតិយុវជនពាក់ព័ន្ធទៅនឹងតម្លៃបារី កាលពីព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជាកូរ៉េ លោកផាន់ ចាន់ពៅ ប្រធានដេប៉ាតឺម៉ង់ចិត្ដវិទ្យានៃសាកលវិទ្យាល័យភូមិភ្នំពេញ បានថ្លែងថា បើយោងតាមទឡ្ហីករណ៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោក ការដំឡើងពន្ធលើផលិតផលថ្នាំជក់ និងធ្វើឲ្យជាវិធានការដ៏មានប្រសិទ្ធភាពមួយ ក្នុងការរួមចំណែកកាត់បន្ថយហានិភ័យបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ និងធ្វើឲ្យកើនចំណូលពន្ធជាតិបានយ៉ាងក្រាសក្រែល។
លោកបានបន្តថាការសិក្សាស្រាវជ្រាវពិតជាមានសារសំខាន់សម្រាប់ជាមូលដ្ឋាននៅក្នុងការទទួលបាននូវភស្តុតាងនៅក្នុងការសម្រេចចិត្តក៏ដូចជាការបង្កើតនូវគោលនយោបាយនិងវាជាចាំបាច់នូវក្នុងការសិក្សាស្រាវជ្រាវអង្កេតពិគ្រោះពីទស្សនយុវជនលើតម្លៃបារី ដើម្បីកាត់បន្ថយឬបញ្ឈប់ការឈប់បារី។តាមរយការសិក្សាស្រាវជ្រាវនិងជួយលើកកម្ពស់សុខភាពថ្នាំជក់នៅក្នុងប្រទេសកម្ពុជា ពីព្រោះមានតែការស្រាវជ្រាវនេះទេ ដែលអាចឲ្យរកឃើញនូវហេតុផលថ្មី ហេតុផលនៃបញ្ហា និងអាចជួយរកគន្លឹះដោះស្រាយ និងរបៀបរៀបចំនូវផែនការ និងយុទ្ធសាស្ត្រនានា សម្រាប់អភិវឌ្ឍន៍។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏បារីលក់នៅលើទីផ្សារបច្ចុប្បន្នមានម្លៃទាប ជាមធ្យមត្រឹមតែ១០០០រៀលក្នុងមួយកញ្ចប់ ចំពោះបារីថោក និង៥០០០ពាន់រៀលជាមធ្យមបារីថ្លៃ។ បារីមានតម្លៃថោក គឺជំរញឲ្យមានការជក់បារីច្រើនចំពោះអ្នកជក់ស្រាប់ និងលើកទឹកចិត្ដកុមារ យុវជន និងស្ដ្រីឲ្យចាប់ផ្ដើមជក់បារី ដែលនឹងនាំទៅរកការកើតជំងឺ ពិការភាព និងស្លាប់នៅទីបំផុត។
តាមលទ្ធផលនៃការវាសស្ទង់មតិយុវជនពាក់ព័ន្ធទៅនឹងតម្លៃបារីដែលបានធ្វើឡើងដោយ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដេប៉ាតឺម៉ង់ចិត្ដវិទ្យានៃសាកលវិទ្យាល័យភូមិភ្នំពេញក្នុងឆ្នាំ២០១៧ បានបង្ហាញថា យុវជនកម្ពុជាប្រមាណ៥០ភាគរយ ចង់ឲ្យបារីមានតម្លៃទាបបំផុតចាប់ពី៦០០០រៀលទៅ១០០០០រៀល ហើយ៥០ភាគរយទៀត ចង់ឲ្យបានបារីមានតម្លៃ១០០០០រៀលឡើងទៅ ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីការជក់បារី។
បើតាមលោក ស្រី សុជាតិ អនុប្រធានការិយាល័យគ្រប់គ្រងអាករពិសេសនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ទោះបីជាមានការដំឡើងពន្ធលើលិតផលថ្នាំជក់កន្លងមកក៏ដោយក៏កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមនអត្រាពន្ធលើផលិតផលថ្នាំជក់ទាបបំផុតក្នុងបណ្ដាអាស៊ាន។ តាមអនុសាសន៍របស់ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោកពន្ធលើផលិតផលថ្នាំជក់ គួរមានអត្រា៧០ភាគរយធៀបនឹងតម្លៃបារីលក់រាយ។ ប៉ុន្ដែជាក់ស្ដែង កម្ពុជាមានអត្រាពន្ធលើផលិតផលថ្នាំជក់ត្រឹមតែ២៥ភាគរយ-៣០ភាគរយប៉ុណ្ណោះធៀបនឹងតម្លៃបារីលក់រាយ ខណៈប្រទេសថៃមានអត្រា៧០ភាគរយ ប្រទេសសឹង្ហបុរីមាន៦៦ភាគរយនៃតម្លៃបារីលក់រាយ។លោកបន្តថា នៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនបារីចំនួន១៨ ប៉ុន្តែលោកមិនបានបញ្ជាក់អំពីក្រុមហ៊ុនបារីនាំចូលនោះទេ។ លោកមិនបានបង្ហាញអំពីចំណូលពន្ធដែលបានមកពីបារីនោះទេ ប៉ុន្តែលោកបញ្ជាក់យ៉ាងខ្លីថា ចំណូលពន្ធលើផលិតផលថ្នាំជក់ គឺមានការកើនឡើងជារៀងរាល់ឆ្នាំ។
ចំណែកលោកយ៉ិល ដារាវុធ នាយកប្រតិបត្តិអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា តាមរយៈលទ្ធផលស្ទង់មតិនេះដែរ យុវជនកម្ពុជា៩០ភាគរយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីកាត់បន្ថយហានិភ័យបណ្ដាលមកពីការជក់បារី។ យុវជន៩៨ភាគរយ សូមណូមពរឲ្យរាជរដ្ឋាភិបាល លៃទុកពន្ធមួយចំណែក ដែលបានមកពីការជក់បារី សម្រាប់គាំទ្រដល់វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ដូចការ អនុវត្ដនៅក្នុងបណ្ដាលប្រទេសអាស៊ានមួយចំនួន។
ចំណែកលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនថ្នាំជក់ទាំងអស់ដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា ភាគច្រើនជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ហើយយុទ្ធសាស្ត្ររបស់ពួកគាត់មានលក្ខណៈស្មុគស្មាញ ហើយការលក់តម្លៃបារីទាប គឺជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដែរដើម្បីទាក់ទាញអ្នកជក់ ក្នុងចំណោមយុវជននិងកុមារ ចំណែកមនុស្សវ័យចាស់មានចំនួនតិចតួច។ យើងដឹងហើយថាបារីនឹងធ្វើឲ្យអ្នកជក់ស្លាប់ក្នុងពេលណាមួយជាក់ជាមិនខាន ដោយសារក្នុងបារីមានសារធាតុគីមីជាង៨ពាន់ប្រទេស ហើយក្នុងនោះមានជាតិញៀនមួយប្រភេទ ដែលមិនអាចឲ្យអ្នកជក់ផ្តាច់បាន និងជក់ជារៀងរហូត។ លោកមុំ គង់ បានបញ្ជាក់យ៉ាងដូច្នេះថា “នៅពេលដែលរាជរដ្ឋាភិបាលមានបំណងដំឡើងពន្ធលើផលិតផលបារីម្តងៗ តែងតែមានការប្រឆាំងអំពីក្រុមហ៊ុនថ្នាំជក់ ដោយលើកហេតុផលថាពួកគាត់រកស៊ីមិនចំណេញ និងថាពន្ធលើផលិតផលបារីនៅកម្ពុជាខ្ពស់ តែតាមពិតបើធៀបនឹងប្រទេសអាស៊ានដទៃទៀត គឺប្រទេសកម្ពុជាយើងអត្រាយកពន្ធទាបជាងគេ ក្នុងចន្លោះអត្រាពី២៥ទៅ៣០ភាគរយប៉ុណ្ណោះ គឺ២៥ភាគរយសម្រាប់ក្រុមហ៊ុនក្នុងស្រុក និង៣០ភាគរយចំពោះក្រុមហ៊ុននាំចូលពីបរទេស”៕ ដោយ៖បញ្ញាស័ក្តិ