ភ្នំពេញ ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានចេញលិខិតសម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកអនុសេនីយ៍ទោ កៅ សំអុល ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការសម្រេចផ្អាកការងារមន្ត្រីនគរបាល ឋាន្តរស័ក្តិអនុសេនីយ៍ទោនេះ ត្រូវបានលោកស្នងការលើកឡើងថា មូលហេតុគឺ ដោយសារនគរបាលរូននេះ បញ្ចេញអាកប្បកិរិយា ឬពាក្យសម្តីគ្មានសីលធម៌ អមនុស្សធម៌ ខ្វះសុជីវធម៌ ដែលជាហេតុធ្វើឲ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។
ក្នុងលិខិតបង្គាប់ការ ស្តីពី ការផ្អាកការងារបណ្តោះអាសន្ន មន្ត្រីនគរបាលជាតិ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ សម្រេចថា សាម៉ីខ្លួន ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្លង និងរង់ចាំការសម្រេចជាថ្មី។ រីឯប្រាក់ខែរបស់ប៉ូលិសនេះ ត្រូវបង្វែ មកបើកជាសាច់ប្រាក់ឲ្យសាម៉ីខ្លួនរៀងរាល់ខែ។
សូមរម្លឹកថា សកម្មភាពរបស់ក្រុមនគរបាល ឈរជើងនៅកែងផ្សារអូឡាំពិក ដែលប្រើប្រាស់ហិង្សា ដោយទះកំផ្លៀង លើស្ត្រីម្នាក់ ជិះម៉ូតូបញ្ច្រាសទិស និងមិនពាក់មួកសុវត្ថិភាព ត្រូវបានគេថតបង្ហោះតាមហ្វេសប៊ុក កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចែកចាយឃ្លីបវីដេអូ ដែលមានរយៈពេលជិត ១នាទីនោះ ហើយរិះគន់លើមន្ត្រីនគរបាលជាខ្លាំង។
នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីនគរបាលប៉ុស្តិ៍ ដែលទះកំផ្លៀងលើស្ត្រីអ្នកជិះម៉ូតូនោះ ត្រូវបានហៅទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ មន្ត្រីនគរបាលនោះ បានសុខចិត្តធ្វើលិខិតសុំទោសលើស្ត្រីអ្នកបើកបរម៉ូតូខុសច្បាប់នោះ។
ឃ្លីបវិដេអូ ដែលគេបង្ហោះ បង្ហាញថា ស្ត្រីអ្នកបើកបរម៉ូតូ បានល្មើសច្បាប់ ដោយជិះម៉ូតូបញ្ច្រាសផ្លូវផង និងមិនពាក់មួកសុវត្ថិភាពផង។ ស្ត្រីនោះ ថែមទាំងជេរប្រមាថសមត្ថកិច្ច និងមិនព្រមចុះពីលើម៉ូតូថែមទៀត។
ក៏ប៉ុន្តែច្បាប់មាន។ បើស្ត្រីនោះ ល្មើសច្បាប់ គឺត្រូវផាកពិន័យ ឬក៏ផ្តន្ទាទោសតាមច្បាប់។ តែសមត្ថកិច្ច មិនត្រូវប្រើដៃជើង សូម្បីតែហិង្សាដោយពាក្យសម្តី ឈ្លោះប្រកែកគ្នា ក៏ប៉ូលិសមិនត្រូវប្រើលើអ្នកដំណើរទាំងឡាយណា ដែលល្មើសច្បាប់នោះដែរ។
ដូច្នេះវិធានការរបស់ស្នងការលើប៉ូលិសស័ក្តិ២នេះ ជាការព្រមានដល់មន្ត្រីនគរបាលផ្សេងទៀត ត្រូវតែជៀសវាងកំហុស ដែលមហាជនមិនចូលចិត្ត ហើយបើសិនជាអ្នកដំណើរល្មើសច្បាប់ណា រឹងទទឹង ត្រូវអនុវត្តតាមច្បាប់ ដោយអញ្ជើញអ្នកបើកបរនោះ អែបចិញ្ចើមផ្លូវ ហើយលើកស្ទួចដឹកឡានម៉ូតូនោះ ទៅកាន់ទីស្នាក់ការមន្ត្រីនគរបាល ហើយដោះស្រាយតាមច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ