Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន នៅតែ​ចាត់ទុក​វិស័យ​អប់រំ ជា​វិស័យ​អាទិភាព​មុខ​គេ ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​រីកចម្រើន​

​ភ្នំពេញ​៖ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ថ្វី​ត្បិត​តែ​លទ្ធផល​បោះឆ្នោត មិនទាន់​ដឹង​យ៉ាងណា តែ​រាជរដ្ឋាភិបាល នៅតែ​ចាត់ទុក​វិស័យ​អប់រំ ជា​វិស័យ​អាទិភាព​មុខ​គេ ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​រីកចម្រើន នៅក្នុង​ចំណោម​វិស័យ​សំខាន់ៗ​៤ រួមមាន ធនធានមនុស្ស ទឹក ផ្លូវ និង​ភ្លើង​។​

​សម្តេច​តេជោ បាន​ថ្លែងថា ដើម្បី​ជំរុញ​វិស័យ​អប់រំ​នេះ ឲ្យ​កាន់តែ​រីកចម្រើន ប្រកបដោយ​គុណភាព គឺ​យ៉ាងហោចណាស់​ឃុំ​១ ត្រូវមាន​អនុវិទ្យាល័យ​១ ស្រុក​១​អាច​មាន​វិទ្យាល័យ​ច្រើន ហើយ​ខេត្ត​១​ត្រូវមាន សាល​ក​វិទ្យាល័យ​១ សម្រាប់​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​របស់​យើង​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច ប្រមាណ ៣៣៤៩​នាក់ នឹង​មាន​នារី ១៤៤៩​នាក់ ដែល​មាន​កម្រិត​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ ជាន់ខ្ពស់​ក្នុង​នោះ​ក៏​មាន​និស្សិត​ជ័យលាភី ដែល​ទទួល​អាហារូបករណ៍ ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ចំនួន ៣១​នាក់ (​នារី ១៤​នាក់​)​ផងដែរ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​លកោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក សម្តេច​តេជោ បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​នេះ​ចំនួន ១៨​លើក​រួចមកហើយ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានវាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវឌ្ឍន៍​រីកច​ម្រើ​ន​របស់​សាកលវិទ្យាល័យ​នេះ​ដែល​បាន​រួមចំណែក​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​របស់​កម្ពុ​ជា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​មួយចំនួន​ក៏​ជា អតីត​និស្សិត​ដែល​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​នេះ​ដែរ ហើយ​កំពុងកាន់​មុខងារ​សំខាន់ៗ​មួយចំនួន​។ សាល​ក​វិទ្យាល័យ​នេះ មិន​ត្រឹមតែ​មាន​និស្សិត​ខ្មែរ សិក្សា​នោះ​ទេ​តែ​ក៏​មាន​និស្សិត​បរទេស​បាន​និង​កំពុង​សិក្សា​ផង ដែរ​ដូចជា និស្សិត​ចិន អាមេរិក ជប៉ុន បារាំង អង់គ្លេស កូរ៉េ ឡាវ វៀតណាម ម៉ាលី ម៉ារ៉ុក ទុយ​នេ​ស៊ី ហ្វីលីពីន ។​ល​។ ហើយ​ថ្ងៃនេះ​គឺ​មាន​និស្សិត​ជ័យលាភី​បរទេស​ចំនួន​២៣​នាក់​ដែល​បាន​មក​ទទួល​សញ្ញាបត្រ ក្នុងនោះ​មាន បារាំង​១៨​នាក់ ម៉ារ៉ុក​២​នាក់ អង់គ្លេស​១​នាក់ ម៉ាលី​១​នាក់ និង​ទុយ​ណេ​ស៊ី​១​នាក់​។​

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការអប់រំ​នាពេល​បច្ចុប្បន្ន​កំពុង​តែ​បាញ់​ឆ្ពោះ​ទៅ​លើ​ការអប់រំ​នៅតាម​ទីជនបទ ដោយ​ដាក់​ចេញ​គោលដៅ​ភូមិ​មួយ​មាន​សាលា​មួយ និង​ស្រុក​មួយ​មាន​វិទ្យាល័យ​ច្រើន និង​ខេត្ត​មួយ​ត្រូវ​មាន​សាកលវិទ្យាល័យ​រដ្ឋ​មួយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី នៅ​តែ​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ចំនួន​និស្សិត​ជា​នារី ដែល​មាន​កម្រិត​ទាប​ជាង​បុរស​នៅ​ថ្នាក់ឧត្តមសិក្សា ដែល​ត្រូវ​មាន​ការគិតគូរ និង​យកចិត្តទុកដាក់​បន្ថែម​ទៀត​។​

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ជំរុញ​ឲ្យ​គ្រឹះស្ថាន​អប់រំ បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការអប់រំ​បន្ថែម​ទៀត​។​ យុវជន​សម័យ​សុខ​សន្តិភាព​នេះ​មាន​ឱកាស​ច្រើន​ណាស់​ក្នុង​ការស្វែងរក​ការអប់រំ ខុសគ្នា​ឆ្ងាយ​ពី​យុវជន​ក្នុង​សម័យ​សង្គ្រាម ដែល​គ្មាន​ផ្លូវ​ជ្រើសរើស​នោះឡើយ ក្រៅ​តែ​ពី​ការ​ចូល​បម្រើ​កងទ័ព​។​

សម្តេច​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹក​ពី​ការតស៊ូ​រំដោះ​ប្រទេស​ជាតិ តាមរយៈ ជ័យ​ជំ​នៈ​ដែល​រំដោះ​ប្រទេស​ជាតិ​រួចផុត​ពី​របប​ប្រស័យ​ពូជសាស​ន៍​ប៉ុលពត​នៅ​ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​បង្រួបបង្រួម​ជាតិ និង​ផ្តល់​នូវ​សុខ​សន្តិភាព​មក​ដល់​សព្វថ្ងៃនេះ​។ ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព​ឲ្យបាន​គង់វ​ង្ស​។​
​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ធនធានមនុស្ស​នៅ​កម្ពុជា នៅតែ​មិន​ទាន់​ឆ្លើយតប​ចំពោះ​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា ដែល​ទាមទារ​ឲ្យមាន​ការជ្រើសរើស​យក អ្នកជំនាញ​ពី​ក្រៅប្រទេស​។ ដូច្នេះ​តម្រូវការ​បណ្តុះបណ្តាល​ធ​ន​ធាន​នៅតែ​ជា​បញ្ហា​អាទិភាព​។

សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា មូលហេតុ​ដែល​កម្ពុជា​ដើរ​ចូល​អាស៊ាន​បាន ដោយសារ​តែ​កម្ពុជា​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​។ សម្តេច​ថា លក្ខិណៈវិនិច្ឆ័​យរបស់​អាស៊ាន គឺ​សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​។ ប្រទេស​ទី​ម័រ​មិនទាន់​អាច​ចូល​ជា​សមាជិក​អាស៊ាន​បាន ដោយសារតែ​ប្រទេស​មាន​ធនធាន​មនុស្ស​មិន​ឆ្លើយតប​តម្រូវការ​របស់​អាស៊ាន​។ ប្រទេស​អាស៊ាន​ដែល​មាន​ការលូតលាស់ កំពុង​យកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ហើយ​ការកាត់បន្ថយ​គម្លាតរ​វាង សមាជិក​អាស៊ាន​ចាស់ និង​អាស៊ាន​ថ្មី ក៏​ត្រូវ​ផ្តោត​សំខាន់ ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នេះ​ផងដែរ​។​

​ការកាត់បន្ថយ​គម្លាត​ធនធាន​ទ្រព្យសម្បត្តិ​ជា​រឿង​លំបាក ដូចជា​នៅ​ប្រទេស​ធំៗ លើ​លោក​មិនមែន​សុទ្ធ​មាន​ប្រជាពលរដ្ឋ​ជា​សេដ្ឋី​គ្រប់​គ្នា​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ធម្មតា និង​សេដ្ឋី​នោះ សុទ្ធតែ​អា​ចរៀន​ចប់​ថ្នាក់អនុបណ្ឌិត ឬ​បណ្ឌិត​បាន​ដូចគ្នា​។ សម្រាប់​កម្ពុជា​វិញ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស គឺ​កូនអ្នកមាន និង​អ្នកក្រ គឺ​សុទ្ធតែ​អាច​រៀន​បាន​ខ្ពស់​ដូច​គ្នា​។​

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យ​នៅថ្ងៃនេះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×