ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនអនុញ្ញាតឲ្យក្រុមណា ឬមនុស្សណាម្នាក់ ឬបក្សនយោបាយណាមួយ យកកម្ពុជាទៅធ្វើជាចំណាប់ខ្មាំង ហើយការបោះឆ្នោតជ្រើសរើសតំណាងរាស្រនីតិកាលពី៦ នឹងប្រព្រឹត្តទៅតាមកាល កំណត់នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយគ្មានការប្រែប្រួល ខណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំណើរការរៀបចំការឃោសនា និងឈានទៅរកការបោះឆ្នោត។
ក្នុងពេលអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ទណ្ឌិត សម រង្ស៊ី និងអតីតមេដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ ដែលបានហៅបក្សនយោបាយថ្មីថាជាបក្សអាប ឬ ជាបក្សអាយ៉ង បង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា “យើងនឹងបន្តជាមួយគ្នានូវសុខសន្តិភាព និងដំណើរការប្រជាធិបតេយ្យ របស់យើងតាមរយៈដំណើរការនៃការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ២០១៨ខាងមុខនេះ ហើយកម្ពុជាមិនមែនជា ចំណាប់ខ្មាំងរបស់ក្រុមណាមួយ ឬមនុស្សណាម្នាក់ ឬ បក្សនយោបាយណាមួយនោះទេ។ ដំណើរការបោះឆ្នោត គឺត្រូវតែដំណើរការដោយគ្មានការពន្យារពេល។ ឥឡូវអ្វីៗស្ថិតនៅក្នុងដៃ របស់អាជ្ញាកណ្តាល ដែលកំពុងរៀបចំចុះបញ្ជីហើយនឹងឈានទៅរកយុទ្ធនាការ និងឈានទៅដល់ការបោះឆ្នោត “។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់គណបក្សនយោបាយចំនួន ១៦ ហើយនៅសល់គណបក្ស នយោបាយ ៤ ផ្សេងទៀត ត្រូវបាន គ.ជ.ប ឲ្យពិនិត្យ និងបំពេញបន្ថែមលើកលក្ខខណ្ឌមួយចំនួន៕ ដោយ៖បញ្ញាស័ក្តិ