Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ញុង រក​សុី​អស់​ដើម អស់​ចុង ខណៈ​ម្ចាស់បំណុល​តាម​ទារ​អត់លើកលែង ពេលនេះ ដាច់ចិត្ត​ប្រកាស​លក់​ផ្ទះ​ទាំង​ទឹកភ្នែក

កាលពីអំឡុងខែតុលា ឆ្នាំ២០២១ អតីតតារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនៅសុខៗ ស្រាប់តែលេចមុខនៅសាលាដំបូងរាជធានីភ្នំពេញ Live ផ្ទាល់នៅចំពោះមុខអ្នកកាសែត ដោយប្រកាសពីការក្ស័យធនយំឡើងគគ្រូក ព្រោះធ្លាក់ខ្លួនជាប់ក្នុងអន្លង់បំណុលរហូតដល់ទៅជាងកន្លះលានដុល្លារ ដោយសារលទ្ធផលយកមករកសុីមិនកាក់កប និងពិសេសដើម្បីបង្ហាញភាពឡូយឆាយ «ក្លែងក្លាយ»។

ក្នុងអំឡុងចូលខ្លួនប្រកាសក្ស័យធន និងដាក់ពាក្យបណ្ដឹងខ្លួន ចំពោះមុខតុលាការ អ្នកនាង ខ្ញុង បាននិយាយថា នាងអស់លែងខ្មាសគេទៀតហើយក្នុងដំណាក់កាលនេះ ព្រោះរូបនាងគ្មានលទ្ធភាពដោះស្រាយបញ្ហាជំពាក់បំណុលគេជុំទិសសរុបជាទឹករហូតដល់ទៅជាង ៥៧ ម៉ឺនដុល្លារ ។ ខ្ញុង ក៏បានលើកម្រាមដៃដប់សំពះអង្វរដល់ម្ចាស់បំណុលកុំមានការប្ដឹងនាងដាក់គុក ដោយសុំពន្យារពេលឱ្យនាងរកស៊ីដោះសងទៅតាមសមត្ថភាព។

ពិតណាស់ បន្ទាប់ ខ្ញុង បានមកយំយែកដែលជាវិធីតែមួយគត់ ធ្វើតាមគ្រូជោគជ័យ សៀវ សុផល ដើម្បីទាក់ទាញក្តីអាណិត មហាជនក៏បានជួយឧបត្ថម្ភម្នាក់ 1$, 2$ តាម ABA ឡើងភ្លូកទឹកភ្លូកដី ហើយ ខ្ញុង ក៏បានយកលុយឧបត្ថម្ភទាំងនោះខ្លះ ដោះទាល់សងគេបានមួយគ្រា បូករួមលក់ប្រហុក លក់ផ្អក ត្រីងៀត និងអ្វីជាច្រើនទៀត។

តែទោះជាយ៉ាងណា បន្ទាប់មកស្ងប់ស្ងាត់រឿងបំណុលជិត១ឆ្នាំ ស្រាប់តែពេលនេះ អ្នកនាង ខ្ញុង បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាថ្មី ដោយបាន Live ទាំងទឹកភ្នែក សម្រេចប្រកាសលក់ផ្ទះជាបន្ទាន់ ដើម្បីយកលុយសងបំណុលគេ ព្រោះពេលនេះ ការលក់ដូរប្រហុក ផ្អក ត្រីងៀត មិនសូវដាច់ ជាហេតុធ្វើឲ្យរូបនាងធ្លាក់ក្នុងស្ថានភាពដែលពិបាកខ្លាំងរកអ្វីមកនិយាយមិនចេញ។

នៅក្នុងការឡាយ អ្នកនាង ខ្ញុង បាននិយាយទាំងទឹកភ្នែកថា ប្រកាសលក់ផ្ទះដែលកំពុងរស់នៅជាបន្ទាន់ ពីព្រោះលក់ផ្អក ត្រីងៀត លែងដាច់ដូចមុន គ្មានចំណូលគ្រប់គ្រាន់ដើម្បីសងម្ចាស់បំណុល ដោយអ្នកនាង ខ្ញុង បានប្រាប់ថា ម្ចាស់បំណុល គេមិនព្រមការសងតាមដំណើររបស់នាងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×