ក្នុងថ្ងៃ «ខ្ញុំស្រលាញ់អ្នក (I Love You)» របស់ចិន កាលពីម្សិលមិញ នារីម្នាក់បានធ្វើឲ្យមនុស្សជាច្រើនស្លុតរន្ធត់ជាខ្លាំង ខណៈនាងសម្រេចចិត្តអបអរឱកាសដ៏ពិសេសនេះ ប៉ុន្តែ បានធ្វើរឿងមួយដ៏ហួសចិត្ត ដោយខាំអណ្តាតមិត្តប្រុសរបស់ខ្លួនស្ទើរដាច់ ។
វីដេអូមួយកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង នៅក្នុងបណ្តាញសង្គមប្រទេសចិន ដែលបានបង្ហាញពីទិដ្ឋភាពរបស់គូស្នេហ៍មួយគូ កំពុងស្អិតជាប់មាត់គ្នា ខណៈខាងប្រុសខំប្រឹងព្យាយាមខ្លួនចេញ ស្ថិតនៅតាមដងផ្លូវមួយកន្លែងក្នុងស្រុក Qianshan ខេត្ត Anhui ។ នេះបើយោងតាមការចុះផ្សាយរបស់ Shanghaiist ។
ជាក់ស្តែង ភាគីខាងប្រុសត្រូវបានមិត្តស្រីរបស់គាត់ ខាំអណ្តាតជាប់ពុំព្រមលែងនោះទេ បើទោះបីបុរសនោះខំប្រឹងរំដោះខ្លួនចេញ ព្រមទាំងមានជំនួយពីប៉ូលីសជួយផ្តាច់បំបែកពួកគេយ៉ាងណាក៏ដោយ ។
ដោយសារនារីនោះនៅតែជំនះពុំព្រមលែង ជាហេតុធ្វើឲ្យប៉ូលីសបង្ខំចិត្តត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីជំរុញឲ្យនាងដោះលែងមិត្តប្រុសរបស់ខ្លួន ។ ទីបំផុត ពួកគេក៏ត្រូវបានផ្តាច់ចេញពីគ្នា ហើយជាលទ្ធផល អណ្តាតរបស់បុរសនោះបានរងរបួសចេញឈាម ប៉ុន្តែ វាពុំទាន់ដាច់នៅឡើយទេ ។
សូមបញ្ជាក់ថា “I Love You” គឺជាថ្ងៃមួយដែលគេស្គាល់ថាជាថ្ងៃទិវានៃក្តីស្រលាញ់នៅលើអ៊ីនធើរណេតរបស់ចិន ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២០ ខែឧសភា, ដោយត្រូវបានបំផុសគំនិតឡើងជាការពិតថា នៅក្នុងភាសាចិនលេខ “5-2-0“ សម្លេងដូច “I Love You” ។
ទោះយ៉ាងណា គេពុំច្បាស់ពីមូលហេតុដែលនាំឲ្យនារីរូបនោះ សម្រេចចិត្តខាំអណ្តែតមិត្តប្រុសខ្លួនជាប់ពុំព្រលែងបែបនេះនោះទេ ។ ប៉ុន្តែ អ្នកលេងអ៊ីនធើរណេតភាគច្រើន បានសង្ស័យថា នារីនោះប្រហែលទំនងមានបញ្ហាស្មារតីផ្លូវចិត្ត ។ តែសំណាងហើយ ដែលមិត្តប្រុសនោះ អណ្តាតរបស់គាត់ពុំដាច់ ៕ ចន្ទី