ខេត្តឧត្តរមានជ័យ៖ មន្ត្រីនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ ប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ត្រូវប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែននេះ បានរិះគន់ថា បានយកម៉ោងរដ្ឋ ឬម៉ោងបំពេញការងារ ទៅប្រមូលផ្ដុំគ្នាផឹកស្រាបៀរបណ្តើរ និងទារប្រាក់បណ្តើរពីប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ព្រំដែននេះ។
អ្នកដំណើរ ឬប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនកម្ពុជាថៃ ច្រកទ្វារអូរស្មាច់ កាលពីដើមសប្តាហ៍នេះ បានចោទមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះថា បានទារប្រាក់ពីពួកគេក្នុងម្នាក់ ១ម៉ឺនរៀល ក្រោយវាយប៉ាស្ព័រ ឬលិខិតឆ្លងដែនចូលទៅប្រទេសថៃ ។
ករណីនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ អះអាងថា បានកើតមានជាយូរមកហើយៗស្រក្លាយទៅជាទម្លាប់សម្រាប់មន្ត្រីនគរបាលអន្តិប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ទៅហើយ។
ពលរដ្ឋមួយចំនួន បានចោទមន្ត្រីនគរបាលអន្តោប្រវេសន៍ខាងលើនេះ បានធ្វើសកម្មភាពយកលុយពីពលរដ្ឋខ្មែរ រហូតដល់ខាងភាគីថៃ ក៏បានលុយពីពលរដ្ឋខ្មែរឆ្លងកាត់ព្រំដែនតាមច្រកទ្វារព្រំដែនអូរស្មាច់ ដូចនគរបាលកម្ពុជាដែរ ដោយទារប្រាក់ពីប្រជាពលរដ្ឋខ្មែរក្នុងម្នាក់ ១រយបាត។
ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជាថៃ ត្រង់ចំណុចច្រកទ្វារអន្តរជាតិអូរស្មាច់ បានសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយមានវិធានការទប់ស្កាត់សកម្មភាពទារលុយ មិនចេញវិក័យប័ត្រ របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ឲ្យបានឆាប់ និងអនុគ្រោះ។
ទាក់ទិនបញ្ហានេះ អ្នកយកព័ត៌មានគេហទំព័រ www.cen.com.kh មិនទាន់មានប្រភពទាក់ទង លោក ជា ព្រឿង នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបានទេនៅរសៀលថ្ងៃអង្គារ៍ ទី២២ ខែឧសភា ឆ្នាំ២០១៨។
យ៉ាងនេះក្តី យោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួន លោកបានច្រានចោលចំពោះការចោទប្រកាន់ខាងលើ ដោយបញ្ជាក់ខ្លីថា មិនមែនជាការពិតនោះទេ។
ដោយឡែកចំពោះ មន្ត្រីនគរបាលក្រោមឱវាទ របស់លោកបានយកម៉ោងធ្វើការ ទៅផឹកស្រាបៀរ ឬផឹកស៊ី នៅទីកន្លែងធ្វើការ និងក្នុងម៉ោងការងារ លោក ជា ព្រឿង មិនឆ្លើយតបទេ។
ចំណែក លោក ខូង ទីន នាយប៉ុស្តិ៍ អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរដ្មាច់ ក៏ត្រូវកូនចៅក្រោមឱវាទ បានផ្តល់ព័ត៌មានមកថា មន្ត្រីរូបនេះ ក៏មិនសូវមកកន្លែងធ្វើការឲ្យបានជាប់លាប់នោះទេ។ ពោលគឺភាគច្រើនលោកនៅតែរាជធានីភ្នំពេញ ហើយថា ការងារតូចធំ គឺលោក ជា ព្រីង មានតួនាទីនាយរងប៉ុស្តិ៍ ជាអ្នកមើលការខុសត្រូវ ព្រោះការងារទាំងអស់ ជំនួសលោកនាយប៉ុស្តិ៍។
យ៉ាងនេះក្តី www.cen.com.kh ក៏មិនទាន់អាចទាក់ទង លោក ខូង ទីន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដើម្បីបំភ្លឺបញ្ហាខាងលើបានទេ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨៕ ដែន សីមា