អ្នកឡើងភ្នំជនជាតិជប៉ុនម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគាត់ប៉ុនប៉ងឡើងឲ្យដល់កំពូលភ្នំអេវឺរេស (Everest) ដែលស្ថិតនៅក្នុងប្រទេសនេប៉ាល់។ នេះបើតាមការចេញផ្សាយរបស់ BBC កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។
បើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលនេប៉ាល់ម្នាក់ បានឲ្យដឹងថា លោក Nobukazu Kuriki អាយុ ៣៥ ត្រូវបានគេប្រទះឃើញស្លាប់កាលពីព្រឹកថ្ងៃច័ន្ទ នៅតង់របស់គាត់ ស្ថិតនៅកំពស់ ១.៤០០ម៉ែត្រ ខណៈដែលភ្នំនោះមានកំពស់រហូតដល់ ៨.៨៤៨ម៉ែត្រ។
លោក Kuriki ធ្លាប់ប៉ុនប៉ងឡើងឲ្យដល់កំពូលភ្នំដ៏ខ្ពស់បំផុតលើលោកនេះចំនួន ៧ដងរួចមកហើយ ប៉ុន្តែគាត់ត្រូវបរាជ័យ ហើយការប៉ុនបំងលើកទី ៨របស់គាត់ បានធ្វើឲ្យគាត់បាត់បង់ជីវិតតែម្តង។
លោកគឺជាមនុស្សទី ២ហើយដែលបានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីជនជាតិម៉ាសេដូណាម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
លោក Kuriki បានទទួលរងការស្លាប់ជាលិការយ៉ាងធ្ងន់ធ្ងរដោយសារធាតុត្រជាក់ នៅក្នុងកំឡុងការឡើងភ្នំរបស់គាត់កាលពីឆ្នាំ ២០១២ ហើយបាត់បង់ម្រាមដៃអស់ ៩ ប៉ុន្តែការប្តេជ្ញារបស់គាត់ដើម្បីឡើងឲ្យដល់កំពូលភ្នំនៅតែមានជានិច្ច ហើយនៅឆ្នាំ ២០១៥គាត់ត្រឡប់មកវិញម្តងទៀត ហើយដំណើរឡើងភ្នំចុងក្រោយរបស់គាត់ គឺជាការបញ្ចប់ជីវិតរបស់គាត់តែម្តង។
សូមបញ្ជាក់ដែរថា នៅក្នុងឆ្នាំនេះ មានតែអ្នកឡើងភ្នំចំនួន ៣៥០នាក់ប៉ុណ្ណោះដែលត្រូវបានគេអនុញ្ញាតិឲ្យធ្វើការឡើងភ្នំអេវឺរេស ដោយមានជំនួយពីអ្នកនាំផ្លូវ និងអ្នកចាំជួយជាជនជាតិនេប៉ាល់ជាង ៥០០នាក់។
កាលពីដើមខែនេះ អ្នកឡើងភ្នំជនជាតិចិនម្នាក់ ដែលបាត់បង់ជាលិការជើងទាំងពីររបស់គាត់ក្នុងឆ្នាំ ១៩៧៥ បានត្រឡប់មកវិញ ហើយបានក្លាយជាស្ត្រីពិការទី ២ក្នុងពិភពលោក ដែលអាចឡើងដល់កំពូលភ្នំអេវឺរេសបាន៕ សុភ័ក្ត្រ