គេហទំព័រ Apple Daily នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានចេញផ្សាយឧបទ្ទវហេតុពីនាទីជីវិតស្ទើរគាំងបេះដូងមួយ ខណៈដែលក្មេងប្រុសម្នាក់ បានធ្លាក់ពីលើស្ពានព្យួរលើមេឃស្តែងៗ បើទោះជាឪពុករបស់គេ បានព្យាយាមជួយសង្គ្រោះលូកដៃចាប់ឡើងវិញយ៉ាងណា ប៉ុន្តែ នៅទីបំផុត ក្មេងប្រុសនោះបានរបូតខ្លួនចេញពីអាវ ដែលឪពុកកំពុងចាប់កាន់ ធ្លាក់ទៅខាងក្រោមដ៏រន្ធត់។
ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ទេសភាពភ្នំ Dixin ទីក្រុង Enxi ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី២១ ខែកក្កដា វេលាម៉ោង ៣ និង ៥០ នាទីរសៀល នៅពេលដែលក្មេងប្រុសម្នាក់ បានបាត់បង់តុល្យភាព ធ្លាក់ចូលចន្លោះផ្លូវដើរលើស្ពានព្យួរអាកាស ដែលមានឈ្មោះថា Scary Step by Step។
តាមរយៈវីដេអូឃ្លីបបានបង្ហាញឲ្យឃើញថា ក្មេងប្រុសនោះបានកំពុងព្យួរខ្លួននៅខាងក្រោមស្ពាន ដោយគាត់បានព្យាយាមកាន់ខ្សែសុវត្ថិភាព ខណៈស្របពេលនោះ ឪពុករបស់គេកំពុងព្យាយាមចាប់ដៃ។ ប៉ុន្តែ ការជួយសង្គ្រោះក្នុងស្ថានភាពដ៏គួរឲ្យភ័យខ្លាចនេះ គឺពិបាកណាស់។
ពិតណាស់ គ្រាដែលឪពុករូបនោះ កំពុងព្យាយាមជួយលើកកូនប្រុសឡើងអស់ពីកម្លាំងកាយចិត្ត ពេលនោះដៃកូនប្រុសក៏បានរបូតចេញពីខ្សែសុវត្ថិភាព។ ដូច្នេះ ឪពុកបានត្រឹមចាប់.កអាវរបស់កូនប្រុសប៉ុណ្ណោះ។ តែទោះជាយ៉ាងណា មិនបានប៉ុន្មានវិនាទី កូនប្រុសនោះក៏បានរបូតខ្លួនចេញពីអាវ ធ្លាក់ទៅបាតជ្រលងភ្នំយ៉ាងលឿន បង្កការភ្ញាក់ផ្អើល និងតក់ស្លុតដល់អ្នកឃើញហេតុការណ៍ ស្រែកឆោឡោឡើងខ្លាំងៗតែម្តង។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្មេងប្រុសអាយុ១០ឆ្នាំបានរងរបួសតែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យពិនិត្យជំហានដំបូងគ្រូពេទ្យបានរកឃើញថា ក្មេងប្រុសមានបាក់ឆ្អឹងចង្កេះ និងឆ្អឹងខ្នង ហើយមានរបួសរហែកស្បែកក្បាល។ បច្ចុប្បន្នស្ថិតក្រោមការត្រួតពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
បន្ទាប់ពីឧបទ្ទវហេតុដោយអាជ្ញាធរវប្បធម៌ និងទេសចរណ៍នៃខេត្ត Hubei បានបញ្ជាឱ្យក្រុមហ៊ុនពាក់ព័ន្ធនឹងកន្លែងទេសចរណ៍បិទកម្មវិធីទស្សនា និងធ្វើការស៊ើបអង្កេតឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់សុវត្ថិភាព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



វីដេអូ => https://weibo.com/tv/show/1034:4794337100496902?from=old_pc_videoshow