Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​អង់គ្លេស​ម្នាក់ ការពារ​ភ្លើង​ឆេះ​វាលស្រែ​ដ៏​ធំ មិន​ឲ្យ​រាលដាល​ចូលផ្ទះ តាមរយៈ​វិធី​ដ៏​ឆ្លាត…

កសិករម្នាក់ក្នុងប្រទេសអង់គ្លេស ត្រូវបានគេកោតសរសើរហៅថាជា «វីរបុរស» បន្ទាប់ពីបានប្រើវិធីដ៏ឆ្លាតទប់ទល់នឹងភ្លើងឆេះដ៏ធំមួយដោយខ្លួនឯង ដោយភ្ជួរស្រែរបស់គាត់ ដើម្បីបង្កើតជាជញ្ជាំង “លេណដ្ឋាន” ការពារភ្លើងដ៏ធំមិនអោយឆេះរាលដាលចូលផ្ទះរបស់គាត់។

កាសែត Daily Mail បានរាយការណ៍ថា អ្នកពន្លត់អគ្គីភ័យត្រូវបានហៅទៅកាន់កន្លែងកើតហេតុ ដើម្បីដោះស្រាយភ្លើងដ៏ធំមួយ ដែលបានកំពុងឆាបឆេះនៅវាលស្រែមួយ ក្នុងទីក្រុង Lenham Heath ចន្លោះតំបន់ Maidstone និង Ashford រដ្ឋ Kent County ប្រទេសអង់គ្លេស នៅមុនម៉ោង ៣ និង ១៥ នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា (ម៉ោងក្នុងស្រុក)។

អគ្គិភ័យបានលេបត្របាក់ផ្ទៃដីប្រមាណ​ ៨​ ហិកតា​។ តែទោះជាយ៉ាងណា កសិករម្នាក់ឈ្មោះ Bill Alexander បានប្រើ​ត្រាក់ទ័រភ្ជួរជាផ្លូវដ៏ធំមួយ​ក្នុងវាលស្រែ ដើម្បីរារាំងភ្លើងដែលកំពុងឆេះ។

Andy Barr ដែលជាម្ចាស់កសិដ្ឋាននៅ Kent បានសរសើរអ្នកជិតខាងដ៏ល្អរូបនេះ សម្រាប់សកម្មភាពវីរភាពរបស់គាត់ ហើយបានចែករំលែករូបភាពនៃត្រាក់ទ័រដែលកំពុងប្រយុទ្ធនឹងភ្លើងនៅលើ Twitter។ វីដេអូបានបង្ហាញទិដ្ឋភាពត្រាក់ទ័រពណ៌បៃតងរបស់លោក Bill នៅចម្ងាយប៉ុន្មានម៉ែត្រពីភ្លើង ដែលហ៊ុំព័ទ្ធដោយផ្សែងយ៉ាងក្រាស់។

ទីបំផុត​ភ្លើងត្រូវបានពន្លត់​ដោយប្រើពេលអស់រយៈពេល ៩០ នាទី ហើយអ្នកស្រុកក្បែរនោះ ​ត្រូវបានជម្លៀស​ទៅ​កាន់ទីសុវត្ថិភាពផងដែរ។ ពុំមានសេចក្តីរាយការណ៍​ពីមនុស្សស្លាប់ និងមូលហេតុនៃ​ការឆេះ​នេះ​ទេ។

ភ្លើងឆេះ​ព្រៃ​ជា​បន្តបន្ទាប់​ត្រូវបានគេ​កត់ត្រា នៅ​ទូទាំងចក្រភពអង់គ្លេស​ក្នុងសប្តាហ៍នេះ ​ចំពេលមានរលកកម្តៅ​ដែលបានបញ្ជូនសីតុណ្ហភាព​កើនឡើងដល់កម្រិត ៤០.៣ អង្សាសេ។

អ្នកពន្លត់អគ្គីភ័យ បានពណ៌នាការឆាបឆេះដែលបានបំផ្លាញផ្ទះនៅទីក្រុងឡុងដ៍ កាលពីដើមសប្តាហ៍នេះថាជា “នរក”។ ក្រៅពីប្រទេសអង់គ្លេស ភ្លើងឆេះ​ព្រៃ ក៏កំពុងឆាបឆេះ​ក្នុងប្រទេស​វេលស៍ (Wales) និង ស្កុតឡែន ផងដែរ​ដោយសារអាកាសធាតុក្តៅហួតហែង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×