ភ្នំពេញ៖ វិស័យធានារ៉ាប់រងកម្ពុជានៅតែមានសក្តានុពល និងអាចមានកំណើនក្នុងឆ្នាំ២០២២នេះ។ ប៉ុន្តែទោះបី យ៉ាងណា វិស័យនេះ នៅមានភាពក្មេងខ្ចី នៅក្នុងបរិបទប្រជាជនកម្ពុជា ខណៈវិស័យធានារ៉ាប់រង ក៏នៅបន្តជួបប្រទះនូវបញ្ហាមួយចំនួន។

ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ បានឱ្យដឹងថា តាមរយៈទំហំទឹកប្រាក់សំណងធានារ៉ាប់រង គេអាចវាយតម្លៃបានថា គម្លាតនៃការការពារហានិភ័យនៅកម្ពុជា មានទំហំធំខ្លាំង ពោលគឺ ការខូចខាតនៅក្នុងសេដ្ឋកិច្ច ដោយសារហានិភ័យ ដែលគ្មានការធានារ៉ាប់រង មានទំហំធំលើសលប់ ធៀបនឹងការខូចខាតដោយ ហានិភ័យដែលមានការធានារ៉ាប់រង។

លោក បានអះអាងថា សុវត្ថិភាពហិរញ្ញវត្ថុគ្រួសារ និងសង្គមនៅកម្ពុជា មិនទាន់ ត្រូវបានការពារដោយសេវាធានារ៉ាប់រងឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារតែប្រើប្រាស់ធានារ៉ាប់រង មានកម្រិតតិចតួចប៉ុណ្ណោះ ដែលមួលហេតុម្យ៉ាងបណ្តាលមកពីការយល់ដឹងតិចតួចរបស់ប្រជាពលរដ្ឋអំពី អត្ថប្រយោជន៍ធានារ៉ាប់រង។

ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា ការទូទាត់សងសំណងរបស់ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា នៅក្នុងឆ្នាំ ២០២១កន្លងទៅនេះ មានទឹកប្រាក់ចំនួន ៤១,៣លានដុល្លារ បានកើនឡើង ១១,៣ភាគរយ បើធៀបនឹងឆ្នាំ ២០២០។ លោក ហ៊ុយ វ៉ាថារ៉ូ បានឲ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ បានចាក់បញ្ចូលមូលនិធិទៅក្នុងប្រព័ន្ធធនាគារ ក្នុងទម្រង់ជាប្រាក់បញ្ញើមានចំនួនជាង ៥៦០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។
លោកបានបញ្ជាក់ថា ពាក់ព័ន្ធនឹងទំហំសំណងធានារ៉ាប់រង ក្រុមប្រភេទហានិភ័យដែលបានកើតឡើងសម្រាប់ទីផ្សារធានារ៉ាប់រងទូទៅ ដែលបានទូទាត់សរុបមានចំនួនប្រមាណ ២៩,៨លានដុល្លារអាមេរិក ក្នុងនោះសំណងលើប្រភេទហានិភ័យចំនួន៣ក្រុម ស្មើនឹង ៧៨,៥% នៃសំណងធានារ៉ាប់រងទូទៅសរុប គឺសំណងលើធានារ៉ាប់រងសុខភាពមានប្រមាណ ៣៤, ៩% ធានារ៉ាប់រងយានយន្ត ២២,១% និងធានារ៉ាប់រងទ្រព្យសម្បត្តិ(អគ្គិភ័យ) ២១,៥%។
លោកបន្តថា សម្រាប់ទីផ្សារធានារ៉ាប់រងអាយុជីវិត ទំហំសំណងដែលបានទូទាត់សរុបមានប្រមាណ ១០,៧លានដុល្លារអាមេរិក ក្នុងនោះសំណងលើហានិភ័យដែលនាំទៅដល់មរណភាព ស្មើនឹង ៧៧,៦% នៃសំណងសរុបលើធានារ៉ាប់រងអាយុជីវិត។
ចំណែកសម្រាប់ធានារ៉ាប់រងខ្នាតតូច ទំហំសំណងដែលបានទូទាត់សរុបមានប្រមាណ ០,៨ លានដុល្លារអាមេរិក ក្នុងនោះសំណងភាគច្រើនជាសំណងធានារ៉ាប់រងអាយុជីវិតខ្នាតតូច ដែលមានប្រមាណ ៥៣% សំណងលើធានារ៉ាប់រងយានយន្ត ២២,៥% និងធានារ៉ាប់រងសុខភាពខ្នាតតូច ១៦,៧%។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៣៩ ក្រុមហ៊ុន។ ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ ក្រុមហ៊ុនធានារ៉បរង់បន្តចំនួន១ ក្រុមហ៊ុនជើងសារធានារ៉ាប់រងចំនួន១៩ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន៣៣ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន២៕