ភ្លៀងធ្លាក់យ៉ាងគំហុកបានធ្វើឱ្យកន្លែងជាច្រើនក្នុងខេត្ត Dong Nai ត្រូវជន់លិចយ៉ាងខ្លាំង។ ក្នុងនោះ ម៉ូតូរបស់កម្មកររោងចក្រ ដែលត្រឡប់មកពីធ្វើការនៅស្រុក Trang Bom ជាច្រើនគ្រឿង ត្រូវបានលិចលង់ និងហូរតាមទឹក បណ្ដាលឱ្យមនុស្សជាច្រើនមានការភិតភ័យយ៉ាងខ្លាំង។
នៅវេលាម៉ោងប្រហែល ៤ រសៀលថ្ងៃទី២៦ កក្កដា ភ្លៀងបានចាប់ផ្តើមធ្លាក់មកលើតំបន់ធំមួយក្នុងខេត្ត Dong Nai ក្នុងនោះរួមមាន ស្រុក Trang Bom, ស្រុក Vinh Cuu និងទីក្រុង Bien Hoa។
ភ្លៀងបានធ្លាក់ជិតមួយម៉ោងបានបណ្តាលឱ្យទឹកជន់លិចផ្លូវមួយចំនួនជម្រៅជាងកន្លះម៉ែត្រក្នុងសួនឧស្សាហកម្ម Song May ឃុំ Bac Son ស្រុក Trang Bom ។
នៅពេលនោះ កម្មករជាច្រើនដែលបញ្ចប់វេនការងារបានវិលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវប្រឈមទៅនឹងទឹកកំពុងហូរជន់លិចផ្លូវយ៉ាងខ្លាំង ដែលធ្វើឲ្យពួកគេមានការភ័យស្លន់ស្លោ ហើយមនុស្សជាច្រើនបានរត់ទៅសងខាងផ្លូវ ចាកចោលម៉ូតូឲ្យលិចលង់ ហូរតាមទឹក។
កម្មករជាច្រើនមានការសោកស្តាយដែលម៉ូតូរបស់ពួកគេត្រូវបានលិចលង់ក្នុងទឹក ខណៈមនុស្សនៅជុំវិញព្យាយាមទាញរបស់ទ្រព្យ ប៉ុន្តែអស់សង្ឃឹមក្នុងទឹកដែលកំពុងហូរយ៉ាងខ្លាំង។ សម្ភារៈជាច្រើននៅក្នុងម៉ូតូ និងរថយន្ត បានរងការខូចខាត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









