អ្នកនយោបាយឥណ្ឌាម្នាក់ ដែលបានផឹកទឹកមួយកែវ យកចេញពី ‘ទន្លេបរិសុទ្ធ’ ដែលត្រូវបានបំពុល ដើម្បីបង្ហាញអ្នកស្រុកថា វាមានសុវត្ថិភាពក្នុងការផឹក ត្រូវបានគេរាយការណ៍ថា បានត្រូវបានដឹកតាមយន្តហោះទៅមន្ទីរពេទ្យ បន្ទាប់ពីរបីថ្ងៃក្រោយមក។
កាលពីថ្ងៃអាទិត្យ (ទី១៧ ខែកក្កដា) ខណៈពេលចុះទៅកាន់ Sultanpurlodhi លោក Bhagwant Mann នាយករដ្ឋមន្ដ្រីនៃរដ្ឋ Punjab អមដោយអ្នកសារព័ត៌មាន មន្ត្រីមូលដ្ឋាន និងព្រឹទ្ធាចារ្យ Sikh គឺនៅចំណុចមួយ បានយកកែវអោនដងទឹកក្នុងទន្លេ Kali Bein រួចលើកផឹក ដើម្បីបង្ហាញដល់គ្រប់គ្នាថាវាមានសុវត្ថិភាពក្នុងការផឹក។ សកម្មភាពដ៏គួរឲ្យព្រួយបារម្ភរបស់លោក Mann ឃើញថាបានទទួលការអបអរសាទរ ពីអ្នកហែហមជុំវិញ ប៉ុន្តែពួកគេប្រហែលជាមិនដឹងថាតើទឹកទន្លេនេះកខ្វក់ និងបំពុលកម្រិតណានោះទេ។
ចំណងជើងនៃ Tweet ដែលត្រូវបានចេញផ្សាយដោយគណបក្សនយោបាយរបស់លោក Mann បានសរសេរថា “Bhagwant Mann បានផឹកទឹកពីទន្លេ Bein ហើយគាត់បាននិយាយថា គាត់ពិតជាមានសំណាងណាស់ដែលបានទទួលឱកាសនេះ”។
ក្រោយមកនៅថ្ងៃនោះ ស្នងការរង Ashok Kaura បានប្រាប់អ្នកសារព័ត៌មានថា ទឹកស្អុយពីទីក្រុង និងភូមិជាច្រើននៅច្រាំងទន្លេ Kali Bein ហូរចូលទៅក្នុងនោះ។ Kaura ក៏បានបន្ថែមឲ្យដឹងថា គាត់មិនមានវត្តមានដើម្បីណែនាំលោក Bhagwant Mann មិនឱ្យផឹកទឹកនៅទីនោះទេ។
រំលងបានពីរបីថ្ងៃក្រោយមក សារព័ត៌មានទូទាំងប្រទេសឥណ្ឌា ក៏បានចាប់ផ្តើមរាយការណ៍ថា លោក Mann ត្រូវបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យ Delhi បន្ទាប់ពីគាត់ចាប់ផ្តើមមានការឈឺចាប់ក្រពះធ្ងន់ធ្ងរ។
Ashok Swain សាស្ត្រាចារ្យស្រាវជ្រាវសន្តិភាព និងជម្លោះនៅសាកលវិទ្យាល័យ Uppsala ក៏បានបង្ហោះលើ Twitter កាលពីសប្តាហ៍មុនថា “នាយករដ្ឋមន្រី្តរដ្ឋ Punjab ផឹកទឹកកខ្វក់មួយកែវពី ‘ទន្លេបរិសុទ្ធ’ ដើម្បីបញ្ជាក់ថាទឹកស្អាត ឥឡូវនេះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យហើយ”។
តែទោះយ៉ាងណា មន្ត្រីនៅក្នុងគណបក្ស Aam Aadmi Party (AAP) របស់ Mann បានបដិសេធថា ការចូលមន្ទីរពេទ្យរបស់គាត់ មិនមានជាប់ពាក់ព័ន្ធជាមួយនឹងភាពឆោតល្ងង់របស់គាត់ទេ ដោយអះអាងថា គាត់បានឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ។ ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានជាច្រើនដែលដកស្រង់ប្រភពពីមន្ទីរពេទ្យបានអះអាងថា គាត់នៅតែកំពុងត្រូវបានព្យាបាលដោយការឆ្លងមេរោគក្រពះ កាលពីថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ថា Kali Bein គឺជាទន្លេដ៏បរិសុទ្ធសម្រាប់ Sikh ព្រោះទន្លេនេះត្រូវបានគេជឿថា ស្ថាបនិកនៃសាសនា Sikh គឺ Guru Nanak បានងូតទឹកនៅក្នុងទន្លេនេះ ហើយបានត្រាស់ដឹង ខណៈពេលដែលទឹកទន្លេមានភាពស្អាតកាលពីមុនឆ្នាំ ២០០០ នៅពេលដែលអ្នកបរិស្ថាន Baba Balbir Singh Seechewal បានដឹកនាំយុទ្ធនាការដើម្បីភាពស្អាត គឺការផឹកទឹកពីទន្លេនេះ ឬទន្លេផ្សេងទៀត សម្រាប់បញ្ហានោះ គឺមិនត្រូវបានណែនាំនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

